ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី កំពុងទទូចចង់ជួបមុខលោកពូទីនយ៉ាងខ្លាំងនៅប្រទេសតួកគីនាថ្ងៃទី១៥ ខែឧសភា។ គ្រាន់តែថាសម្រាប់ដំណាក់កាលនេះ វិមានក្រឹមឡាំងមិនទាន់អាចផ្ដល់ចម្លើយដ៏ប្រាកដប្រជាថាតើលោកពូទីននឹងមានវត្តមាននៅក្នុងគម្រោងជួបគ្នាដែលរូបលោកផ្ទាល់ជាអ្នកស្នើសុំដែរឬទេ។ ប៉ុន្តែលោកហ្សេឡិនស្គីចង់ជួបចរចាគ្នាជាមួយលោកពូទីនជាប្រញាប់ដើម្បីនិយាយគ្នាអំពីការបង្កើតបទឈប់បាញ់ដ៏ពេញលេញមួយរយៈពេល៣០ថ្ងៃ។
ហ្សេឡិនស្គីបញ្ជាក់ថាលោកចង់ជួបមុខលោកពូទីនដោយផ្ទាល់នៅទីក្រុងអ៊ីស្តាន់ប៊ូល។ លោកថ្លែងថាមានតែលោកពូទីនម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិអារកាត់នៅក្នុងរឿងនេះ។ លោកហ្សេឡិនស្គីថាលោកពូទីនប្រែហលជាខ្លាចមិនហ៊ានទៅជួបគ្នាផ្ទាល់។ លោករំពឹងថាអាមេរិក និងអឺរ៉ុបនឹងដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ីបើគ្មានការនិយាយអំពីបទឈប់បាញ់នៅថ្ងៃនោះទេ។ បើគ្មានកិច្ចជំនួបនោះទេមានន័យថារុស្ស៊ីមិនទាន់ត្រៀមខ្លួនដោះស្រាយបញ្ហាតាមមធ្យោបាយការទូតនៅឡើយទេ។
ហ្សេឡិនស្គីថ្លែងថាដោយសារកិច្ចការសព្វសារពើនៅរុស្ស៊ីត្រូវតែសម្រេចដោយមនុស្សតែម្នាក់គឺលោកពូទីន ដូច្នេះ បើចង់ឱ្យមានបទឈប់បាញ់លុះត្រាជួបមុខគ្នាផ្ទាល់ជាមួយលោកពូទីន។ ហ្សេឡិនស្គីថាបើគាត់ (ពូទីន) ប្រកាសត្រៀមខ្លួនទទួលយកបទឈប់បាញ់ ពេលនោះបទឈប់បាញ់នេះនឹងក្លាយជាច្រកផ្លូវឆ្ពោះទៅរកការដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីបិទបញ្ចប់សង្គ្រាមជាស្ថាពរ។
នៅថ្ងៃទី១៥ ខែឧសភានោះ ហ្សេឡិនស្គីថាគាត់នឹងជួបប្រធានាធិបតីតួកគី លោកតៃយីប អឺដ្វាន (Tayyip Erdogan) នៅរដ្ឋធានីអង់ការ៉ា (Ankara) ដើម្បីពិភាក្សាការងារមួយចំនួន។ បន្ទាប់មក បើសិនលោកពូទីនពិតជាធ្វើដំណើរទៅទីក្រុងអ៊ីស្តាន់ប៊ូលមែន ហ្សេឡិនស្គីថាលោកនឹងបន្តដំណើរទៅអ៊ីស្តាន់ប៊ូលទៀត។ បើគេបកស្រាយមិនច្រឡំទេ លោកហ្សេឡិនស្គីមិនប្រាកដជាធ្វើដំណើរទៅអ៊ីស្តាន់ប៊ូលទេបើគ្មានវត្តមានលោកពូទីន។ ដូច្នេះទុកឱ្យគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីជួបគ្នាចុះ។
ហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែនបានផ្ញើលិខិតជូនលោកត្រាំរួចហើយដើម្បីអញ្ជើញលោកទៅចូលរួមកិច្ចជំនួបនោះ។ ប៉ុន្តែលោកត្រាំមិនទាន់ឆ្លើយតបនៅឡើយទេ។ កាលពីថ្ងៃចន្ទ លោកត្រាំប្រកាសថាលោកក៏ចង់ចូលរួមកិច្ចជំនួបជាមួយលោកពូទីននៅតួកគីព្រោះលោកស្ថិតនៅក្បែរៗប្រទេសតួកគី។ លោកហ្សេឡិនស្គីប្រទេសចិនក៏ទំនងជាគាំទ្រឱ្យមានបទឈប់បាញ់៣០ថ្ងៃផងដែរ៕