Ronaldo បន្ត​ឈរ​កំពូល​តារាងបញ្ជី​អត្ត​ព​លិ​ករក​ចំណូល​បាន​ច្រើន​ជាងគេ ៣​ឆ្នាំ​ជាប់​គ្នា

Ronaldo បន្ត​ឈរ​កំពូល​តារាងបញ្ជី​អត្ត​ព​លិ​ករក​ចំណូល​បាន​ច្រើន​ជាងគេ ៣​ឆ្នាំ​ជាប់​គ្នា

សហរដ្ឋអាមេរិក ៖ កីឡាករ​បាល់ទាត់ Cristiano Ronaldo បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​ទស្សនាវដ្តី Forbes បញ្ជី​អត្ត​ព​លិ​ករក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត ៣​ឆ្នាំ​ជាប់​ៗ​គ្នា​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC និង ESPN បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥​។

របាយការណ៍​ពី​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​បង្ហាញ​ថា ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Al-Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​ឈរ​លើ​កំពូល​តារាងបញ្ជី​អត្ត​ព​លិ​ករក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី Forbes ចំនួន​៥​លើក​ហើយ​នោះ បាន​បង្កើន​ប្រាក់​ចំណូល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​មាន​ចំនួន​១៥​លាន​ដុល្លារ ដោយ​បាន​បង្កើន​ប្រាក់​ចំណូល​សរុប​ប្រចាំឆ្នាំ​២០២៥ របស់​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៤០​ឆ្នាំ​រូប​នេះ​រហូត​ដល់ ២៧៥​លាន​ដុល្លារ​។


សម្រាប់​តួលេខ​នេះ មាន​តែ Floyd Mayweather តែ​ម្នាក់​គត់ ដែល​អាច​រក​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ច្រើន​ជាង Cristiano Ronaldo ដោយ​អតីត​អ្នក​ប្រដាល់សកល​ឆ្នើម​អា​មេ​រិ​ក​រូប​នេះ ធ្លាប់​រកបាន​៣០០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៥ និង ២៧៥​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៨​។

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Pro League) កាលពី​ខែធ្នូ ឆ្នាំ​២០២២ ដោយ​រកបាន​ប្រាក់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តាម​រយៈ​កិច្ចព្រមព្រៀង​ទាំង​នៅ​លើ​ទីលាន​ប្រកួត និង​ក្រៅ​ទីលាន​ជាមួយ​ក្រុមហ៊ុន​ដៃគូ​សហការ ដោយ​គ្រាន់តែ​ថ្លៃ​ពលកម្ម​របស់​អតីត​ខ្សែប្រយុទ្ធ​ក្លិប Sporting CP Manchester United Real Madrid និង Juventus រូប​នេះ​ជាមួយ​ក្លិប Al Nassr ទទួល​បាន​រហូត​ដល់ ២០០​លាន​អឺ​រ៉ូ និង​កំពុង​ឈរ​ជា​អត្ត​ព​លិ​ក​បាល់ទាត់​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

ក្រឡេក​ទៅ​មើល​បញ្ជី​អត្ត​ព​លិ​ករក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​២០២៥ ដែល​ចេញផ្សាយ​ដោយ​ទស្សនាវដ្តី Forbes កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ឯណោះ​វិញ កីឡាករ​បាល់បោះ​អា​មេ​រិ​ក Stephen Curry ឈរ​នៅ​លេខ​រៀង​ទី​២ រក​ចំណូល​បាន ១៥៦​លាន​ដុល្លារ​។ អ្នក​ប្រដាល់សកល​ឆ្នើម​អង់គ្លេស Tyson Fury ឈរ​នៅ​លេខ​៣ រក​ចំណូល​បាន ១៤៦​លាន​ដុល្លារ​។ កីឡាករ​បាល់ឱប​អា​មេ​រិ​ក Dak Prescott ឈរ​នៅ​លេខ​៤ រក​ចំណូល​បាន ១៣៧​លាន​ដុល្លារ ខណៈ​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម​អា​ហ្ស​ង់​ទី​ន Lionel Messi ឈរ​នៅ​លេខ​៥ រក​ចំណូល​បាន ១៣៥​លាន​ដុល្លារ​។

ក្រៅ​តំណែង​កំពូល​ទាំង ៥ (Top 5) ៖
-​កីឡាករ​បាល់បោះ​អា​មេ​រិ​ក LeBron James រក​ចំណូល​បាន ១៣៣,៨​លាន​ដុល្លារ
-​កីឡាករ​បេ​ស្ប​ល​សញ្ជាតិ​ដូ​មី​នី​ក Juan Soto រក​ចំណូល​បាន ១១៤​លាន​ដុល្លារ
-​កីឡាករ​បាល់ទាត់​បារាំង Karim Benzema រក​ចំណូល​បាន ១០៤​លាន​ដុល្លារ
-​កីឡាករ​បេ​ស្ប​ល​សញ្ជាតិ​ជប៉ុន Shohei Ohtani រក​ចំណូល​បាន ១០២,៥​លាន​ដុល្លារ
-​កីឡាករ​បាល់បោះ​អា​មេ​រិ​ក Kevin Durant រក​ចំណូល​បាន ១០១,៤​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles