ទីក្រុងប៉េកាំង៖ ចិនថ្លែងថាជប៉ុនគួរណាស់បង្ហាញសេចក្ដីគោរពចំពោះប្រព័ន្ធយុត្តិធម៌នៅប្រទេសចិនផង។ អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងដូច្នេះនៅល្ងាចថ្ងៃពុធដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងព័ត៌មានចុះផ្សាយថាបុរសជនជាតិជប៉ុនម្នាក់ត្រូវតុលាការប្រទេសចិនកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំពីបទលួចយកការណ៍សម្ងាត់។
អ្នកនាំពាក្យចិន លោកលីនចៀន (Lin Jian) ថ្លែងថាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បុរសជនជាតិជប៉ុនរូបនោះត្រូវបានធានាយ៉ាងហ្មត់ចត់ និងអនុវត្តទៅតាមនីតិវិធីច្បាប់របស់ប្រទេសចិនបានល្អណាស់។ បុរសជនជាតិជប៉ុនរូបនោះអាយុ៥០ឆ្នាំមិនត្រូវគេបង្ហាញអត្តសញ្ញាណរបស់គាត់ទេ។ គាត់ត្រូវសមត្ថកិច្ចចិនចាប់ខ្លួននៅទីក្រុងសៀងហៃកាលពីឆ្នាំ២០២១។
ក្រោយមកនៅខែធ្នូ ឆ្នាំ២០២៣ តុលាការក៏ចាប់ផ្ដើមបើកសវនាការកាត់ទោសគាត់។ អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងសៀងហៃថ្លែងថាមន្ត្រីរបស់ខ្លួនបានទទួលការអនុញ្ញាតពីអាជ្ញាធរចិនដើម្បីតាមដានដំណើរការកាត់ទោសនោះកាលពីថ្ងៃទី១៣ ខែឧសភា។ ប៉ុន្តែសេចក្ដីលម្អិតយ៉ាងណានោះមិនត្រូវគេបង្ហើបឱ្យដឹងទេព្រោះដើម្បីការពារសិទ្ធិឯកជន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុនអឹនអេចខេ (NHK)។
មន្ត្រីស្ថានទូតជប៉ុនប្រចាំប្រទេសចិនសូមអំពាវនាវឱ្យក្រសួងការបរទេសចិនធានាតម្លាភាពនៅក្នុងការកាត់ទោស និងមើលការខុសត្រូវជនជាប់ឃុំឱ្យបានល្អ ដើម្បីស័ក្ដិសមជាមនុស្សពេញលក្ខណៈ។ អ្នកនាំពាក្យចិនថ្លែងថាជប៉ុនគួរតែអប់រំប្រៀនប្រដៅប្រជាជនរបស់ខ្លួនឱ្យបានដិតដល់មែនទែនដើម្បីឱ្យពួកគេគោរពច្បាប់ និងបទបញ្ញត្តិរបស់ប្រទេសចិនឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វើសកម្មភាពខុសច្បាប់ ឬបទឧក្រិដ្ឋនោះទេ។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕