ទីក្រុងសេអ៊ូល ៖ ប្រុសស្រី២ម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងពីបទជំរិត និងប៉ុនប៉ងជំរិតទារប្រាក់រយលានវ៉ុនពីកីឡាករ Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាកីឡាករបាល់ទាត់ល្បីបំផុតប្រចាំទ្វីបអាស៊ី ដោយបានក្លែងថា នាងមានផ្ទៃពោះកូនរបស់កីឡាកររូបនេះ និងទារប្រាក់ដើម្បីរក្សារឿងនេះកុំឱ្យបែកធ្លាយ ខណៈបើតាមប្រព័ន្ធផ្សព្វផ្សាយធំៗរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ស្ត្រីដែលត្រូវបានចោទរូបនេះ គឺជាអតីតមិត្តស្រីខ្សែប្រយុទ្ធឆ្នើមក្រុមមាន់ខ្នាយមាស Tottenham Hotspur រូបនេះផ្ទាល់តែម្តង។
ប្រភពពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap ចេញផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រុសស្រី២នាក់ត្រូវបានចាប់ខ្លួនជាផ្លូវការពីបទចោទប្រកាន់ថាបង្ខូចកេរ្តិ៍ឈ្មោះកីឡាករបាល់ទាត់ Son Heung-min។ យោងតាមមន្ត្រីជំនាញបានឱ្យដឹងថា តុលាការក្រុងសេអ៊ូលបានចេញដីកាចាប់ខ្លួនស្ត្រីវ័យ២០ឆ្នាំម្នាក់ពីបទជំរិតទារប្រាក់ និងបុរសវ័យ៤០ឆ្នាំម្នាក់ទៀតពីបទប៉ុនប៉ងជំរិតទារប្រាក់។
ប្រភពពីសារព័ត៌មានកូរ៉េ Chosun Ilbo និង Allkpop បានបង្ហាញថា ការវិវឌ្ឍន៍ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងករណីនេះ ស្ត្រីជាជនជាប់ចោទដែលត្រូវបានដឹងថាមានឈ្មោះ «Yang» គឺជាអតីតមិត្តស្រីកីឡាករ Son Heung-min និងបុរសជាប់ចោទម្នាក់ទៀតត្រូវបានដឹងថាមានឈ្មោះ «Yong»។ ដោយអ្នកទាំងពីរ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានមកដល់តុលាការសម្រាប់សវនាការដីកាឃុំខ្លួនបណ្តោះអាសន្ន។ ការឈានទៅដល់ការចាប់ខ្លួននេះ កើតឡើងនៅពេលតុលាការបានលើកឡើងពីហានិភ័យនៃការរត់គេចខ្លួន និងការបំផ្លាញភស្តុតាងពីជនត្រូវចោទទាំងពីរ។
របាយការណ៍ក្នុងស្រុកអះអាងថា ស្ត្រីជាប់ចោទបានទៅជួបកីឡាករ Son Heung-min កាលពីខែមិថុនាកន្លងទៅ ដោយបានអះអាងថានាងមានផ្ទៃពោះកូនរបស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុម Tottenham Hotspur វ័យ៣២ឆ្នាំរូបនេះ ហើយបានទារប្រាក់ជាថ្នូរដើម្បីរក្សាការសម្ងាត់។ នាងក៏ត្រូវបានរាយការណ៍ថាបានផ្ញើរូបភាពអេកូទារកទៅឱ្យ Son និងទទួលបានប្រាក់ជាង៣០០លានវ៉ុន ឬស្មើ ២១៥ ០០០ដុល្លារអាមេរិក។ ចំណែកបុរសជាប់ចោទម្នាក់ទៀត ដែលជាអ្នកស្គាល់គ្នាជាមួយស្ត្រីជាប់ចោទរូបនេះ ក៏ត្រូវបានសង្ស័យថាបានព្យាយាមជំរិតទារប្រាក់ប្រមាណ៥ម៉ឺនដុល្លារពី Son ផងដែរ កាលពីខែមីនាកន្លងទៅ តែមិនបានសម្រេច។
កីឡាករ Son Heung-min បានដាក់ពាក្យបណ្តឹងទៅប៉ូលិសដោយអះអាងថា ស្ត្រីជាប់ចោទបានបង្ខូចកេរ្តិ៍ឈ្មោះខ្លួនជាមួយការអះអាងចោទប្រកាន់មិនពិតរបស់នាង។ ក្រោយទទួលបានពាក្យបណ្តឹងប៉ូលិសបានឆ្មក់ចូលផ្ទះបុគ្គលទាំងពីរ ហើយបានរឹបអូសទូរស័ព្ទ ហើយគ្រោងនឹងស៊ើបអង្កេតករណីនេះបន្ថែមទៀត ដូចជា ការត្រួតពិនិត្យភាពត្រឹមត្រូវនៃរូបភាពអេកូទារកជាដើម។
ភ្នាក់ងាររបស់កីឡាករ Son Heung-min បានបញ្ជាក់ដូច្នេះថា «យើងនឹងបន្តវិធានការផ្លូវច្បាប់ដោយគ្មានការលើកលែង។ អ្នកទាំងពីរបានគំរាមកំហែង Son ដោយអះអាងថា ពួកគេនឹងផ្សព្វផ្សាយអំពីព័ត៌មានមិនពិតនេះ។ យើងសូមសង្កត់ធ្ងន់ថា Son គឺជាជនរងគ្រោះក្នុងករណីនេះ»។
កីឡាករ Son Heung-min គឺជាបុគ្គលសាធារណៈដ៏ល្បីបំផុតម្នាក់របស់ប្រទេសកូរ៉េខាងត្បូង ដែលតែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលនៅលើទីលានប្រកួត និងការរស់នៅមានវិន័យខ្ពស់ដោយគ្មានរឿងអាស្រូវ។ បច្ចុប្បន្ន Son កំពុងប្រកបអាជីពជាមួយក្លិប Tottenham Hotspur នៅលីគកំពូលអង់គ្លេស ចាប់តាំងពីផ្លាស់ពីក្លិប អាល្លឺម៉ង់ Bayer Leverkusen ។ បើទោះបីជាមិនទាន់ជួយក្រុមរហស្សនាម «មាន់ខ្នាយមាស» ឈ្នះពានរង្វាន់ណាមួយក៏ពិតមែន ប៉ុន្តែ Son ក្នុងនាមជាប្រធានក្រុមទទួលបានការកោតសរសើរ និងពេញចិត្តពីអ្នកគាំទ្រទាំងនៅកូរ៉េខាងត្បូង និងចក្រភពអង់គ្លេស។
កីឡាកររូបនេះ ធ្លាប់បានពន្យល់អំពីការសម្រេចចិត្តនៅលីវរបស់ខ្លួន ដើម្បីផ្តោតសំខាន់លើអាជីពបាល់ទាត់ទាំងស្រុង។ ក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian កាលពីឆ្នាំ២០១៩ Son បានពន្យល់ថា អាពាហ៍ពិពាហ៍នឹងផ្លាស់ប្តូរអាទិភាពចម្បងរបស់ខ្លួន ដោយជៀសមិនរួច។
Son បាននិយាយថា «ឪពុកខ្ញុំបានប្រាប់បែបនេះ ហើយខ្ញុំក៏យល់ស្របដែរ។ នៅពេលកូនរៀបការ រឿងទី១ នឹងក្លាយជាគ្រួសារ ប្រពន្ធ និងកូន បន្ទាប់មកគឺបាល់ទាត់។ ខ្ញុំចង់ធ្វើឱ្យប្រាកដថា នៅពេលខ្ញុំកំពុងស្ថិតនៅកម្រិតកំពូលនៃអាជីព បាល់ទាត់អាចជារឿងទី១ ព្រោះអ្នកមិនដឹងថា អ្នកអាចលេងនៅកម្រិតកំពូលបានយូរប៉ុនណានោះទេ។ នៅពេលអ្នកចូលនិវត្តន៍ ឬនៅពេលអ្នកមានអាយុ ៣៣ ឬ ៣៤ ឆ្នាំ អ្នកនៅតែអាចរស់នៅបានយូរជាមួយគ្រួសាររបស់អ្នក»។
បើទោះជាប្រកាន់ជំហរបន្តភាពនៅលីវក៏ពិតមែន ប៉ុន្តែជីវិតស្នេហារបស់ Son បានទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គមម្តងម្កាលផងដែរ រួមទាំងការមានទំនាក់ទំនងសេ្នហាជាមួយតារា K-pop ដូចជា កញ្ញា Yoo So-young និងពាក្យចចាមអារ៉ាមដែលមិនបានបញ្ជាក់ជាផ្លុវការ ដែលភ្ជាប់កីឡាកររូបនេះជាមួយនឹងកញ្ញា Kim Ji-soo សមាជិក Blackpink ផងដែរ ដ្បិត Son គឺជារក្សារឿងផ្ទាល់ខ្លួនជាសម្ងាត់។
Son ធ្លាប់លើកឡើងកាលពីដើមឆ្នាំនេះ អំពីការចូលនិវត្តន៍ពីអាជីពរបស់ខ្លួន ប៉ុន្តែកាលពីខែមករាកន្លងទៅ ក្លិប Tottenham Hotspur បានប្រកាសបន្តកុងត្រាបន្ថែមទៀតរហូតដល់ឆ្នាំ២០២៦៕


