រុស្ស៊ី​វា.​យ​ប្រ.​ហារ​អ៊ុយ​ក្រែន​១​អស់​ដៃ​បន្ទាប់​ពី​ចរ​ចា​គ្នា​គ្មាន​លទ្ធ​ផល​ល្អ

រុស្ស៊ី​វា.​យ​ប្រ.​ហារ​អ៊ុយ​ក្រែន​១​អស់​ដៃ​បន្ទាប់​ពី​ចរ​ចា​គ្នា​គ្មាន​លទ្ធ​ផល​ល្អ


ទី​ក្រុង​កៀវ៖ ក្រោយ​ពេល​ចរ​ចា​គ្នា​ឥត​បាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​ម្ខាង​ៗ​មួយ​ពាន់​នាក់​ រុស្ស៊ី​ចាប់​ផ្ដើម​ពន្លះ​អ៊ុយ​ក្រែន​កាន់​តែ​ខ្លាំង​។ ​នៅ​ក្នុង​សំណើ​របស់​រុស្ស៊ី​ក៏​មាន​ចំណុច​មួយ​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ថយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​មួយ​ភាគ​ធំ​​ទើប​រុស្ស៊ី​ពិចារណា​លើ​បទ​ឈប់​បាញ់​។ ចំពោះ​សំណើ​របស់​អ៊ុយ​ក្រែន​ដែល​ចង់​ជួប​មុខ​គ្នា​ផ្ទាល់​រវាង​លោ​ក​ពូទីន និ​ងលោក​ហ្សេឡិន​ស្គី​នោះ​​ត្រូវ​រុស្ស៊ី​អះ​អាង​​ថា​ «កុំ​ភ័យ​, គង់​តែ​បាន​ជួប​គ្នា​ទេ​។​ សំខាន់​ត្រូវ​ធ្វើ​តាម​លក្ខ​ខណ្ឌ​រុស្ស៊ី ​»​​។

នៅ​ក្នុង​ស្ថាន​ភាព​ដែល​សមរ​ភូមិ​នយោបាយ​ និ​ងការ​ទូត​មិន​សូវ​រីក​ចម្រើន​ទៅ​មុខ​ នៅ​លើ​សមរ​ភូមិ​យោធា​ រុស្ស៊ី​បាន​វាយ​ប្រ​ហារ​ដោយ​ដ្រូន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ និង​​សម្លាប់​បាន​មនុស្ស​ម្នាក់​​នៅ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​។ ក្រៅ​ពី​នេះ​ មនុស្ស​បី​នាក់​រង​របួស​។ អាជ្ញា​ធរ​អ៊ុយ​ក្រែន​ទទួ​លស្គាល់​ថា​រុស្ស៊ី​​​វាយ​ប្រហារ​ដោយ​ឥត​បន្ធូរ​ដៃ​​ពិត​​មែន​។ ពោល​គឺ​វាយ​​តាំង​ពី​ពាក់​កណ្ដាល​អធ្រាត្រ​រហូត​ដល់​ម៉ោង​៨​ព្រឹក​។​ ​​រុស្ស៊ី​បញ្ជូន​ដ្រូន​យ៉ាង​តិច​២៧៣​ដើម្បី​​វាយ​ប្រហារ​យ៉ាង​ជញ្ជ្រំ​ទៅ​លើ​ទី​ក្រុង​កៀវ​, តំបន់​ឌី​នី​ប្រូ (Dnipro) និង​ដូ​ញែត (Donetsk) ​នៅ​ភាគ​ខាង​កើត​។ នេះ​បើ​​តាម​ការ​ប្រកាស​របស់​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​។

ការ​ចរ​ចា​គ្នា​ដោយ​ផ្ទាល់​រវាង​អ៊ុយ​ក្រែន និង​រុស្ស៊ី​នៅ​ប្រទេស​តួកគី​នោះ​បាន​បិទ​បញ្ចប់​ទៅ​ដោយ​គ្មាន​បទ​ឈប់​បាញ់​។ ដូច្នេះ អ្វី​ដែល​អឺរ៉ុប អ៊ុយ​ក្រែន និង​អាមេរិក​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​មាន​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខ​ខណ្ឌ​រយៈ​ពេល​៣០​ថ្ងៃ​នោះ​បែរ​ជា​អសារ​ឥត​ការ​។ អ្នក​ដែល​ពិបាក​ចិត្ត​ជាង​គេ​គឺ​លោក​ត្រាំ​ដែល​ធ្លាប់​និយាយ​ក្ដែង​ៗ​ថា​ប្រើ​ពេល​២៤​ម៉ោង​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​ខាង​តែ​បាន​។ ឥឡូវ​នេះ​ នៅ​សល់​តែ​​​២​ថ្ងៃ​ទៀត​លោក​ឡើង​កាន់​អំណាច​គ្រប់​៤​ខែ​ល្មម​។​

ត្រាំ​ថ្លែង​ថា​មើល​ទៅ, ​លោក​ត្រូវ​តែ​ចេញ​មុខ​និយាយ​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​លោក​ពូទីន​ហើយ​ទើប​បាន​។ លោក​ក៏​ត្រៀម​និយាយ​ជា​ទូរ​ស័ព្ទ​ជា​មួយ​លោក​ហ្សេ​ឡិនស្គី​ផង​ដែរ​នៅ​ថ្ងៃ​ចន្ទ​។ ការ​វាយ​ប្រហារ​មួយ​ប្រាវ​របស់​រុស្ស៊ី​កាល​ពី​​ព្រឹក​ថ្ងៃ​អាទិត្យ​​បាន​សម្លាប់​ស្ត្រី​វ័យ​២៨​ឆ្នាំ​នៅ​កណ្ដាល​រដ្ឋ​ធានី​កៀវ​។ នៅ​ក្នុង​ចំណោម​អ្នក​របួស​ទាំង​៣​ក៏​មាន​កុមារ​ម្នាក់​ផង​ដែរ​អាយុ​៤​ឆ្នាំ​។​

គិត​ទៅ​, ទី​ក្រុង​កៀវ និង​តំបន់​​ខ្សែ​ក្រវាត់​ទី​​ក្រុង​នេះ​​នៅ​ភាគ​ខាង​កើត​​​រង​ការ​វាយ​ប្រហារ​ផ្ទួន​ៗ​គ្នា​រយៈ​ពេល​៩​ម៉ោង​ជាប់​គ្នា​​។ ក​ង​ទ័ព​អា​កា​ស​អ៊ុយ​ក្រែន​ត្រូវ​ជាប់​រវល់​តាម​បាញ់​ប្រហារ​ដ្រូន​ ឬ​ត្រូវ​វាយ​រុញ​ច្រាន​ឱ្យ​ថយ​ក្រោយ​វិញ​។ រហូត​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​អា​ទិត្យ​ទើប​ពួក​គេ​ប្រកាស​បិទ​បញ្ចប់​បេសក​កម្ម​​។ ​លោក​យូរី អ៊ីណាត (Yuri Ihnat) ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​ទូ​ទៅ​នៃ​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី (AP) ​ថា​នេះ​ជា​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​។

តាម​ពិត​ មិន​មែន​តែ​អ៊ុយ​ក្រែន​ទេ​ដែល​រង​ការ​វាយ​ប្រហារ​។ រុស្ស៊ី​អះ​អាង​ថា​ខ្លួន​ក៏​រង​ការ​វាយ​​ប្រហារ​ផង​ដែរ​ដល់​ថ្នាក់​បិទ​ព្រ​លាន​យន្ត​ហោះ​ជា​ច្រើន​កន្លែង​នៅ​ទី​ក្រុង​ម៉ូស្គូ​ជា​បណ្ដោះ​អាសន្ន​អស់​ជា​ច្រើន​ម៉ោង​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​យ៉ាង​តិច​៧​គ្រឿង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ឆ្លង​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ និ​ងបាញ់​ទម្លាក់​បាន​១៨​គ្រឿង​ថែម​​ទៀត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​រ៉យ​ទ័រ (Reuters), អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles