កូន​ពូជ​! កូនប្រុស Ronaldo ស៊ុត​២​គ្រាប់​ជួយ U15 ព័រ​ទុ​យ​ហ្គា​ល់​លើក​ពាន​នៅ​ក្រូ​អាតប្រទេស​ក្រូអាត

កូន​ពូជ​! កូនប្រុស Ronaldo ស៊ុត​២​គ្រាប់​ជួយ U15 ព័រ​ទុ​យ​ហ្គា​ល់​លើក​ពាន​នៅ​ក្រូ​អាតប្រទេស​ក្រូអាត

ប្រទេស​ក្រួ​អាត ៖ កូនប្រុស​កីឡាករ​បាល់ទាត់ Cristiano Ronaldo គឺ​យុវជន Cristiano Ronaldo Jr. បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់ និង​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ នៅ​ក្នុង​ជ័យជម្នះ​វគ្គ​ផ្តាច់ព្រ័ត្រ ៣-២ ទល់​នឹង​ក្រុម U15 ក្រូ​អាត កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ ឈ្នះ​ពានរង្វាន់​អន្តរជាតិ Vlatko Markovic ដែល​បាន​ចាប់ផ្តើម​ក្នុង​ស​ប្តា​ហ៍​នេះ នៅ​ក្នុង​ប្រទេស​ក្រូ​អាត​។

គិត​មក​ទល់​ពេល​នេះ Cristiano Ronaldo Jr. បង្ហាញខ្លួន​ជា​លើក​ទី​៤​ហើយ សម្រាប់​ក្រុម U15 របស់​ព័រ​ទុ​យ​ហ្គា​ល់ ខណៈ​ខ្សែប្រយុទ្ធ​ក្លិប Al Nassr វ័យ​១៤​ឆ្នាំ​រូប​នេះ រកបាន​២​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជម្នះ​លើ​ម្ចាស់ផ្ទះ​ក្រូ​អាត ដោយ​ជួយ​ព័រ​ទុ​យ​ហ្គា​ល់​គ្រង​ជើងឯក​ពានរង្វាន់ Vlatko Markovic ដែល​ជា​ការ​ប្រកួត​ពានរង្វាន់​អន្តរជាតិ​បាល់ទាត់​យុវជន ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៣ ខែឧសភា មក​ម្ល៉េះ​។


នៅ​ក្នុង​ការ​ស៊ុត​បញ្ចូល​គ្រាប់​បាល់​លើក​ដំបូង​សម្រាប់​ព័រ​ទុ​យ​ហ្គា​ល់ Ronaldo Jr. ក៏​បាន​ចម្លង​ស្ទា​យ​អបអរ «SIU» ដ៏​ល្បីល្បាញ​របស់​ឪពុក​ខ្លួន​ផង​ដែរ​។ សហព័ន្ធ​បាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់​បាន​អបអរ​គ្រាប់​បាល់​របស់ Ronaldo Jr ដោយ​សរសេរ​នៅ​លើ Instagram ថា «SIUUUU ដំបូង​របស់ Cristiano Jr. សម្រាប់​ព័រ​ទុ​យ​ហ្គា​ល់​!» ។

គួរ​រំលឹក​ថា កូនប្រុស​ច្បង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ត្រូវ​បាន​កោះហៅ​ជា​លើក​ដំបូង​សម្រាប់​ក្រុម U15 របស់​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ Vlatko Marković​។ ដោយនៅ​ពេល​នោះ Cristiano Ronaldo ដែល​ជា​ឪពុក​បាន​អបអរសាទរ​កូនប្រុស​លើ​ការ​បង្ហោះ Story Instagram ដោយ​បង្ហាញ​ឈ្មោះ​កូនប្រុស​ក្នុង​បញ្ជី​ក្រុម U15 ព័រ​ទុ​យ​ហ្គា​ល់ និង​ភ្ជាប់​ជាមួយ​សំ​ណេ​រថា «​មោទកភាព​កូនប្រុស​!»៕ ប្រភព ៖ ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles