ទីក្រុងឡុង៖ ព្រះមហាក្សត្រឆាល (Charles) នៃចក្រភពអង់គ្លេសបានផ្ញើលិខិតមួយច្បាប់ជូនលោកបៃដិនបន្ទាប់ពីព្រះអង្គទទួលដំណឹងថាលោកកើតជំងឺមហារីកប្រូស្តាត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ព្រះបរមរាជវាំងអង់គ្លេស។ ប្រភពដែលមិនបញ្ចញឈ្មោះប្រាប់គេហទំព័រដឹមៀរើ (The Mirror) ថារូបព្រះអង្គផ្ទាល់ក៏ប្រឈមនឹងបញ្ហាប្រូស្តាតដូចគ្នា។ គ្រាន់តែមិនដល់ថ្នាក់មហារីកកាចដូចលោកបៃដិន មានន័យថាប្រូស្តាតរបស់ព្រះអង្គជាដុំសាច់ប្រូស្តាតស្លូត។ ហេតុនេះព្រះអង្គចង់ផ្ដល់ការគាំទ្រផ្នែកផ្លូវចិត្តទៅលោកបៃដិន។
ព្រះអង្គ និងលោកបៃដិនធ្លាប់មានប្រវត្តិទំនាក់ទំនង និងអនុស្សាវរីយ៍ល្អនឹងគ្នា។ កាលពីឆ្នាំ២០២២ លោកបៃដិនធ្លាប់ចូលរួមពិធីគោរពព្រះបរមសពអតីតព្រះមហាក្សត្រិយានីអេលីហ្សាបែតទី២ដែលត្រូវជាព្រះមាតាព្រះមហាក្សត្រឆាលបច្ចុប្បន្ន។ ក្រោយមក លោកជំទាវជីលបៃដិន (Jill Biden) ក៏ចូលរួមពិធីសោយរាជ្យសម្បត្តិរបស់ព្រះអង្គកាលពីខែឧសភា ឆ្នាំ២០២៣។
បន្ទាប់ពីប្រកាសដំណឹងកើតជំងឺមហារីកប្រូស្តាតរួចមក លោកបៃដិនបានបង្ហោះសារនៅលើអ៊ីនស្ត្រាក្រាម និងភ្ជាប់រូបថត១សន្លឹកបង្ហាញរូបលោក ភរិយា និងសត្វឆ្មាឈ្មោះវីឡូ (Willow)។ លោកសរសេរថាជំងឺមហារីកអាចនឹងកើតឡើងទៅលើមនុស្សគ្រប់រូប។ លោកថាលោក និងភរិយានៅតែតាំងចិត្តយ៉ាងមុតមាំជានិច្ចនៅក្នុងការតស៊ូនឹងស្ថានភាពនេះ។ លោកសូមអរគុណចំពោះអ្នករាល់គ្នាដែលបង្ហាញការស្រឡាញ់ចូលចិត្ត និងគាំទ្ររូបលោក។
ខុទ្ទកាល័យរបស់លោកបៃដិនបានចេញសេចក្ដីប្រកាសអំពីការរកឃើញជំងឺនេះពីសំណាក់ក្រុមគ្រូពេទ្យ។ បច្ចុប្បន្ននេះ លោកបៃដិនកំពុងពិនិត្យមើលថាតើត្រូវជ្រើសរើសវិធីព្យាបាលដោយរបៀបណាខ្លះ។ កាលពីសប្ដាហ៍មុន ក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញជំងឺនេះបន្ទាប់ពីលោកបៃដិនចេះតែមានអាការៈមិនស្រួល មានបញ្ហានៅប្រព័ន្ធទឹកមូត្រ។ កាលពីថ្ងៃសុក្រ គ្រូពេទ្យពិនិត្យឃើញថាលោកមានជំងឺមហារីកប្រូស្តាត។
លោកបៃដិនដែលបញ្ចប់តំណែងកាលពីខែមករា ឆ្នាំ២០២៥ ធ្លាប់ត្រូវគេព្រួយបារម្ភច្រើនណាស់អំពីបញ្ហាសុខភាពរបស់គាត់។ គេបារម្ភថាតើលោកអាចនឹងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងចប់ចុងចប់ដើមដែរឬទេបើលោកជាប់ឆ្នោតនៅអាណត្តិថ្មី។ តាំងពីយូរមកហើយ មនុស្សនាំគ្នាខ្សិបខ្សៀវគ្នាអំពីបញ្ហាសុខភាពកាន់តែចាស់ទ្រុឌទ្រោមទាំងសមត្ថភាពរាងកាយ និងខួរក្បាលរបស់លោក។ លោកឧស្សាហ៍ដើរក្រឡាច់ជើងដួលជាសាធារណៈ និងឧស្សាហ៍និយាយភ្លេចភ្លាំងជាញឹកញាប់នៅក្នុងពិធីសំខាន់ៗ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរពេទ្យយោធាអាមេរិកវ៉លថឺ រីត (Walter Reed) បញ្ជាក់ថាលោកបៃដិនមានសុខភាពល្អជាធម្មតាអាចបន្តកាន់អំណាចនៅអាណត្តិថ្មីបាន។ ប៉ុន្តែមនុស្សទូទៅនៅតែមិនទុកចិត្តទាំងស្រុងទេ។ សូម្បីតែមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រជាធិបតេយ្យជាមួយគ្នាក៏ទទួលស្គាល់ត្រង់ចំណុចនេះផងដែរ។ ពួកគេនិយាយបញ្ចុះបញ្ចូលឱ្យលោកបៃដិនដកខ្លួនថយពីបេក្ខភាពប្រធានាធិបតី ហើយដាក់លោកស្រីហារីស (Harris) ជំនួសវិញ៕