គ្រួសារ Beckham កើន​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​បុគ្គល​/​គ្រួសារ​មាន​បំផុត​នៅ​ចក្រភព​អង់គ្លេស

គ្រួសារ Beckham កើន​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​បុគ្គល​/​គ្រួសារ​មាន​បំផុត​នៅ​ចក្រភព​អង់គ្លេស

ចក្រភព​អង់គ្លេស ៖ លោក David Beckham អតីត​កីឡាបាល់ទាត់​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ព្រមទាំង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Victoria Beckham បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​បំផុត​នៅ​ចក្រភព​អង់គ្លេស ខណៈ​ដែល​ទ្រព្យ​សុទ្ធ​ប្តី​ប្រពន្ធ​ដ៏​ល្បីល្បាញ​មួយគូ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​សរុប​ដល់ ៥០០​លាន​ផោន ឬ​ស្មើនឹង ៦៧១​លាន​ដុល្លារ​អា​មេ​រិ​ក​។

បញ្ជី​ដែល​ចងក្រង​ដោយ​កាសែត Sunday Times ដ៏​ល្បី​របស់​ចក្រភព​អង់គ្លេស ត្រូវ​បាន​បោះពុម្ពផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន ដោយ​អំពី​បង្ហាញ​បុគ្គល និង​គ្រួសារ​ដ៏​មាន​បំផុត​ចំនួន ៣៥០​នាក់ នៅ​ចក្រភព​អង់គ្លេស​។ លោក David Beckham និង​ភរិយា​បាន​ជាប់​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី ២៧៣ ដោយ​កើនឡើង​២៤​ចំណាត់ថ្នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ខណៈ​ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​បង្ហាញ​វត្តមាន​លើក​ដំបូង​នៅ​ក្នុង​បញ្ជី​មួយ​នេះ កាលពី​ឆ្នាំ​២០០២ ដោយ​គ្រានោះ ពួក​គេ​មានទ្រព្យ​សម្បត្តិ​ត្រឹមតែ​៣៥​លាន​ផោន ឬ​ស្មើនឹង ៤៧​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។


លោក David Beckham វ័យ​៥០​ឆ្នាំ អតីត​ខ្សែបម្រើ​ដ៏​ឆ្នើម​ក្រុម​តោ​កំណាច​អង់គ្លេស និង​ក្រុម Manchester United, Real Madrid, LA Galaxy, AC Milan និង PSG បាន​បន្ត​បង្កើន​ប្រាក់​ចំណូល​ដ៏​សំខាន់​របស់​ខ្លួន តាម​រយៈ​ការ​បណ្តាក់ទុន​អាជីវកម្ម ព្រមទាំង​លើ​កិច្ចព្រមព្រៀង​ដៃ​សហការ​ផ្សេង​ៗ​ជា​ច្រើន បន្ទាប់​ពី​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​។

លោក​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​នៃ​ម៉ាក​យីហោ​ល្បី​លំដាប់​ពិភពលោក​ជា​ច្រើន​ដូច​ជា Adidas, Hugo Boss, Haig Club, Armani និង Maserati ក៏​ដូច​ជា​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ជា​សហ​ម្ចាស់​ក្លិប​បាល់ទាត់ Inter Miami នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក ដែល​មាន​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi កំពុង​ប្រកប​អាជីព​នៅ​ទីនោះ​។ ដោយសារ​តែ​ប្រាក់​ចំណូល​ហូរ​ចូល​ដូច​ទឹក​នេះ​ហើយ ទើប​បានជា​ឥឡូវនេះ Beckham គឺជា​អត្ត​ព​លិ​ក​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​នៅ​ចក្រភព​អង់គ្លេស​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត Daily Mail ។

ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​គ្រួសារ​ត្រកូល Beckham ក៏​បាន​រួមចំណែក​ដ៏​សំខាន់​ពី​សំណាក់​អ្នកស្រី Victoria ផង​ដែរ តាម​រយៈ​អាជីព​ម៉ូ​ដ​ដ៏​កំពុង​រីក​ចម្រើន​របស់​អ្នកស្រី​។ ម៉ាក​យីហោ​ដ៏​ល្បី​របស់​អ្នកស្រី​នៅ​តែ​បន្ត​បោះ​ជំហាន​ទៅ​មុខ និង​រីក​ចម្រើន​ជា​បន្តបន្ទាប់ ដោយសារ​តែ​មួយ​ផ្នែក​ទទួល​បានការ​គាំទ្រ​ពី​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Eva Longoria, Kim Kardashian និង Gwyneth Paltrow ជាដើម​។ ជាមួយ​ទ្រព្យសម្បត្តិ​ចំនួន​៦៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ឈរ​នៅ​ពីក្រោយ​ស្តេច Charles III ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រហែល ៦៤០​លាន​ផោន ឬ ៨៦០​លាន​ដុល្លារ​នោះ Beckhams កំពុង​តែ​ស្ថិត​ក្នុង​ចំណោម​ក្រុម​អភិជន​នៃ​គ្រួសារ​អ្នកមាន​ជនជាតិ​អង់គ្លេស​។

តួលេខ​គួរ​ឱ្យ​កត់សម្គាល់​ផ្សេង​ទៀត​ក្នុង​បញ្ជី​ឆ្នាំ​នេះ រួម​មាន Sir Elton John អ្នកនិពន្ធ Andrew Lloyd Webber និង Sir Lewis Hamilton អ្នកបើកបរ​រថយន្ត F1​។ ក្នុង​បញ្ជី​អាយុ​ក្រោម​៤០​ឆ្នាំ តារាចម្រៀង​ប៉ុប Dua Lipa គឺជា​បុគ្គល​ក្មេង​បំផុត​មាន​វត្តមាន​ក្នុង​បញ្ជី​ឆ្នាំ​នេះ​។ តារាចម្រៀង​ស្រី​រូប​ស្រស់​វ័យ​២៩​ឆ្នាំ​រូប​នេះ ជាប់​ចំណាត់ថ្នាក់​ទី​៣៤ ដោយ​មានទ្រព្យ​សម្បត្តិ​ប្រមាណ ១១៥​លាន​ផោន ឬ ១៥៤​លាន​ដុល្លារ​។ ក្នុង​តារាង​បុគ្គល​អាយុ​ក្រោម​៤០​ឆ្នាំ​ដដែល​នេះ​ផង​ដែរ តារាចម្រៀង​លោក Ed Sheeran អាយុ​៣៤​ឆ្នាំ ឈរ​ចំណាត់ថ្នាក់​ទី​១៣ ជាមួយ​ទ្រព្យសម្បត្តិ​ចំនួន ៣៧០​លាន​ផោន ឬ ៤៩៦​លាន​ដុល្លារ​៕ (​ដកស្រង់ ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles