ជប៉ុន៖ អាជ្ញាធរជប៉ុននឹងលើកលែងការគិតថ្លៃចំពោះការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងតូក្យូសម្រាប់នៅក្នុងរដូវក្តៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី២១ ខែឧសភា។ ការអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូអាចប្រើប្រាស់ទឹកបានដោយមិនគិតថ្លៃនេះ គឺត្រូវបានធ្វើឡើងដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ សម្រាប់ឆ្លើយតបទៅនឹងបញ្ហារលកកម្តៅ។
បើតាមលោក Yuriko Koike អភិបាលក្រុងតូក្យូបានឱ្យដឹងថា កាលពីរដូវក្រៅឆ្នាំមុនមានពលរដ្ឋក្នុងក្រុងតូក្យូចំនួន ២៦៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែបញ្ហាអាកាសធាតុក្តៅខ្លាំង ខណៈ ៦០% នៃជនរងគ្រោះដែលបានស្លាប់ទាំងនោះត្រូវបានគេរកឃើញថា ពួកគាត់មិនបានប្រើប្រាស់ម៉ាស៊ីនត្រជាក់នោះទេ ដ្បិតពួកគាត់ព្យាយាមសន្សំសំចៃប្រាក់ពីការប្រើប្រាស់ភ្លើងអគ្គីសនីសម្រាប់បើកម៉ាស៊ីនត្រជាក់។ អភិបាលក្រុងតូក្យូរូបនេះបានបន្តថា ក្នុងការអនុវត្តវិធានការលើកលែងការគិតថ្លៃទឹកខាងលើនេះ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាចំនួន ៣៦ពាន់លានយេន (២៥០លានដុល្លារ) ដើម្បីយកមកបំពេញការចំណាយនេះជំនួសប្រជាពលរដ្ឋក្នុងរយៈពេល ៤ខែ ពោលគឺចាប់ពីខែមិថុនា ដល់ខែកញ្ញា។ សូមបញ្ជាក់ជូនផងដែរថា ក្រុងតូក្យូមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១៤លាននាក់ ឬស្មើនឹងជាង ៧លានគ្រួសារ ហើយជាមធ្យមគ្រួសារមួយត្រូវចំណាយលើថ្លៃទឹកចន្លោះពី ៨៦០-១៤៦០យេន (៦-៧,៥ដុល្លារ) ក្នុងមួយខែ៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC