បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យ​ឯកទេសអប់រំសតវត្សទី​២១ ដំបូងគេនៅកម្ពុជា

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យ​ឯកទេសអប់រំសតវត្សទី​២១ ដំបូងគេនៅកម្ពុជា

យោងតាម ក្រសួងព័ត៌មាន បានឱ្យ​ដឹងថា ក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត នៃ​វិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃទី២១ ខែឧសភា​ ឆ្នាំ ២០២៥ នេះ ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី​២១ ដំបូងបង្អស់នៅកម្ពុជា។

អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវ​បានរចនាឡើង​ដោយ​ឈរលើទស្សនទានចំនួន ៣រួមគ្នា គឺអប់រំ វប្បធម៌ និងសាសនា។អគារនេះ មានទម្រង់ ជាអក្សរ «រ» នៅពីលើអក្សរ «អ» ដែលតំណាងឱ្យការអប់រំ ដោយ​ប្រើប្រាស់​ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមាន​ដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាង​ឱ្យព្រះពុទ្ធសាសនា។នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី។

ឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបាន​គូស​រំលេចថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្រមូលផ្តុំឯកសារ​ស្តីពី ការអប់រំរបស់កម្ពុជា ចាប់តាំង​ពី​មុន​សម័យអណានិគមបារាំង រហូតដល់​ពេល​បច្ចុប្បន្ន និងរួមទាំង​បណ្ណាល័យ​ទូនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និង​ស្រាវជ្រាវបាន​ដោយសេរី។

បណ្ណាល័យនេះមានបំពាក់សៀវភៅពាក់​ព័ន្ធ​នឹង​ការអប់រំជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យ​សិក្សា និងធ្វើការជាក្រុម បន្ទប់​ស្ទីឌីយ៉ូ​សម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់​បណ្ណា​រក្ស បន្ទប់រក្សាឯកសារក្រោមដី ជាដើម។

ដើម្បីឆ្លើយតបតាមប្រសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ក្រសួងអប់រំ ក៏បានរៀបចំប្រមូល​និក្ខេបបបទថ្នាក់បណ្ឌិត ដោយរៀបចំជា​បណ្ណាសារមួយសម្រាប់តម្កល់និក្ខេបបទបណ្ឌិត សម្រាប់អ្នកស្រាវជ្រាវ​អាចចូល​មើលទាំងឯកសាររឹង និងឯកសារទន់ នៅបណ្ណាល័យសម្តេចព្រះសង្ឃរាជ្យ ជួន ណាត នេះផងដែរ។

សូមជម្រាបថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានផ្ទៃក្រឡា​សំណង់ចំនួន ២៧,២៩៨.០៨ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ ។សាងសង់ក្រោមហិរញ្ញប្បទានកម្ចីធនាគារអភិវឌ្ឍអាស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles