ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន០៤ គឺឃុំសំរោង ឃុំទួលស្តី ឃុំចន្ទ្រា នៃស្រុកចន្ទ្រា និងឃុំត្នោត នៃស្រុកកំពង់រោទ៌ សុំដល់អាជ្ញាធរខេត្ត លោក ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ ពិនិត្យដោះស្រាយ និងបង្ក្រាបក្រុមឈ្មួញប្រើប្រាស់រថយន្តដឹកទំនិញធុនធំ ប្រភេទយីឌុបភ្លៅ៥ និងប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ បានបំផ្លាញផ្លូវក្រាលកៅស៊ូ បាក់ស្រុតខូចខ្លាយជារណ្តៅសំបុកមាន់ កន្លែងខ្លះ ក្លាយជារណ្តៅជ្រៅត្រឹមជង្គង់ ដក់ទឹក ដូចត្រែងក្របី បង្កឲ្យប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀន យ៉ាងខ្លាំង ដោយខែវស្សានេះ ភ្លៀងធ្លាក់ជោគជាំ បង្កឲ្យបែកល្បាប់ រអឹលពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ។
ប្រជាពលរដ្ឋធ្វើការអំពាវនាវនេះ នៅវេលាម៉ោង០១រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅឃុំសំរោង ឃុំទួលស្តី ឃុំចន្ទ្រា នៃស្រុកចន្ទ្រា និងឃុំត្នោត នៃស្រុកកំពង់រោទ៌ ។
បើតាមប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមឈ្មួញ ប្រើប្រាស់រថយន្តធុនធំៗ ប្រភេទយីឌុប និងប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ ដោយដាក់ទំនិញហួសទ្រុង ខ្ពស់កប់ពពក ធ្វើចរាចរណ៍ទាំងយប់ទាំងថ្ងៃ បណ្តាលឲ្យបាក់ស្រុត ខូចផ្លូវក្រាលកៅស៊ូ ប្រម៉ាណជាង៧,០០០ម៉ែត្រ ក្លាយជារណ្តៅជ្រៅៗ កន្លែងខ្លះ គឺរបើកខូចទាំងស្រុង ក្លាយទៅជាផ្លូវដី ហើយកន្លែងខ្លះ នៅរដូវវស្សានេះ ក្លាយជាស្រះដក់ទឹក ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ជាពិសេសក្មេងសិស្សសាលា ជិះកង់ជិះម៉ូតូទៅរៀន ។
ប្រជាពលរដ្ឋលើឡើងទៀតថា ផ្លូវក្រាលកៅស៊ូ ១ខ្សែនេះ គឺជាចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ក្នុងឃុំសំរោង ឃុំទួលស្តីឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទ៌ បានធ្វើដំណើរស្រួល ក៏ប៉ុន្តែបានតែរយៈ៣ឆ្នាំ ក៏ត្រូវក្រុមឈ្មួញ ប្រើប្រាស់រថយន្តធុនធំៗ ដឹកទំនិញ ដូចជាគ្រឿងអេឡិចត្រូនិក ស្កសរ និងសង្ស័យជាទំនិញគេចពន្ធជាច្រើនប្រភេទទៀតផង ។
ប្រភពបន្តទៀតថា នៅរយៈពេល០២ឆ្នាំចុងក្រោយនេះ ២០២៤_២០២៥ គឺមានទាំងរថយន្តដឹកដី ដឹកខ្សាច់ ថ្ម ដឹកស៊ីម៉ង់ត៏ ដឹងទំនិញធុនធំប្រភេទយីឌុបភ្លៅ០៥ និងប្រភេទវ៉េអង ដឹកទំនិញធ្ងន់ៗ លើសទម្ងន់ បង្កឲ្យខូចផ្លូវក្រាលកៅស៊ូ ជាអំណោយសម្តេចតេជោ ខូចទាំងស្រុង នៅរដូវប្រាំងហុយ ដល់រដូវវស្សានេះ ផ្លូវក្លាយជារណ្តៅដក់ទឹក និងបែកល្បាប់ រអឹលពិបាកធ្វើដំណើរយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានរាយការណ៍ជូនលោកមេឃុំ និងលោកអភិបាលស្រុកជាច្រើនលើក មកហើយ ប៉ុន្តែលទ្ធផល គឺស្ងាត់ឈឹង ទើបប្រជាពលរដ្ឋអំពាវនាវសុំឲ្យលោកអភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិសា និងជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ សុំឲ្យអាជ្ញាធរខេត្ត ចុះពិនិត្យ ដោះស្រាយ និងទប់ស្កាត់រថយន្តក្រុមឈ្មួញ ដែលកំពុងដឹកទំនិញ បំផ្លាញផ្លូវ ដែលជាចំណងដៃរបស់សម្តេចតេជោ និងបំផ្លាញផ្លូវជនបទ ខូចអស់ហើយទាន! ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអភិបាលស្រុកចន្ទ្រា និងលោកអភិបាលស្រុកកំពង់រោទ៌ បានទេ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ៕

























