យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League បានចូលរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា និងបង្កើនភាពរីករាយដល់ស្រទាប់យុវជនតាមរយៈការចូលរួមប្រកួតប្រជែងគ្នា នេះជាប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណ:កម្មការរៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងពិពិធីចាប់ពូលការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា តំណាងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ Soccer League នេះជាការផ្ដល់ឱកាសដល់យុវជនបានជួបជុំគ្នារឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហការគ្នាតាមរយៈការប្រកួតបាល់ទាត់នេះ។
ឯកឧត្តម ប្រធានគណ:កម្មការរៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ នេះជាការជំរុញលើកទឹកចិត្តយុវជនដែលមិនមែនជាកីឡាករអាជីពឲ្យងាកមកលេងកីឡាដើម្បីមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងជាការផ្ដល់ឱកាសឲ្យយុវជនបង្ហាញសមត្ថភាព។ តាមរយៈនេះក៏ជាការរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលដែលឲ្យពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។
បញ្ជាក់ដែរថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៨ នេះ មានក្រុមសរុបចូលរួម ៦៣ក្រុម(បុរស ៥៦ក្រុម នារី ៧ក្រុម)។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ដល់ ៣០ ខែកក្កដា ឆ្នាំ២០២៥៕
ប្រភព៖ ក្រសួងព័ត៌មាន