ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន០៤ គឺឃុំសំរោង ឃុំទួលស្តី ឃុំចន្ទ្រាស្រុកចន្ទ្រានិងឃុំត្នោតស្រុកកំពង់រោទ៌ សុំដល់អាជ្ញាធរខេត្ត លោកប៉េងពោធិសា អភិបាលខេត្ត ជាពិសេសសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ពិនិត្យដោះស្រាយនិងបង្ក្រាបក្រុមឈ្មួញប្រើប្រាស់រថយន្តដឹកទំនិញធុនធំប្រភេទយីឌុបភ្លៅ៥ និងប្រភេទវ៉េអងដឹកទំនិញលើសទម្ងន់ សង្ស័យរកស៊ីសេះហោះគេចពន្ធទៅមកប្រទេសវៀតណាម បានបំផ្លាញផ្លូវក្រាលកៅស៊ូ បាក់ស្រុតខូចក្លាយជារណ្តៅសំបុកមាន់កន្លែងខ្លះក្លាយជារណ្តៅជ្រៅត្រឹមជង្គង់ដក់ទឹកដូចត្រែងក្របីបង្កឲ្យប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀនយ៉ាងខ្លាំងដោយខែវស្សានេះភ្លៀងធ្លាក់ជោគជាំបង្កឲ្យបែកល្បាប់រអឹលពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់។
ប្រជាពលរដ្ឋធ្វើការអំពាវនាវនេះកើតឡើងនៅវេលាម៉ោង០១រសៀលថ្ងៃទី២៣ឧសភា២០២៥ នៅឃុំសំរោង ឃុំទួលស្តី ឃុំចន្ទ្រាស្រុកចន្ទ្រានិងឃុំត្នោតស្រុកកំពង់រោទ៌។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមឈ្មួញប្រើប្រាស់រថយន្តធុនធំៗប្រភេទយីឌុបនិងប្រភេទវ៉េអងដឹកទំនិញលើសទម្ងន់ ដោយដាក់ទំនិញហួសទ្រុងខ្ពស់កប់ពពកធ្វើចរាចរណ៍ទាំងយប់ទាំងថ្ងៃ បណ្តាលឲ្យបាក់ស្រុតខូចផ្លូវក្រាលកៅស៊ូប្រម៉ាណជាង៧,០០០ម៉ែត្រក្លាយជារណ្តៅជ្រៅៗ កន្លែងខ្លះគឺរបើកខូចទាំងស្រុងក្លាយទៅជាផ្លូវដី ហើយកន្លែងខ្លះនៅរដូវវស្សានេះក្លាយជាថ្លុកធំៗដក់ទឹកពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងជាពិសេសក្មេងសិស្សសាលាជិះកង់ជិះម៉ូតូទៅរៀន។
ប្រជាពលរដ្ឋលើឡើងទៀតថា ផ្លូវក្រាលកៅស៊ូ១ខ្សែនេះគឺជាចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានផ្តល់ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនក្នុងឃុំសំរោង ឃុំទួលស្តី ឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទ៌ បានធ្វើដំណើរ ស្រួល ក៏ប៉ុន្តែបានតែរយៈ៣ឆ្នាំក៏ត្រូវក្រុមឈ្មួញប្រើប្រាស់រថយន្តធុនធំៗដឹកទំនិញ ដូចជាគ្រឿងអេឡិចត្រូនិក ស្កសរ និងសង្ស័យជាទំនិញគេចពន្ធជាច្រើនប្រភេទទៀតផង។
ប្រភពបន្តទៀតថា នៅរយៈពេល០២ឆ្នាំចុងក្រោយនេះ២០២៤-២០២៥ គឺមានទាំងរថយន្តដឹកដី ដឹកខ្សាច់ ថ្ម ដឹកស៊ីម៉ង់ដ៏ ដឹងទំនិញធុនធំប្រភេទយីឌុបភ្លៅ០៥និងប្រភេទវ៉េអង ដឹកទំនិញធ្ងន់ៗលើសទម្ងន់បង្កឲ្យខូចផ្លូវក្រាលកៅស៊ូជាអំណោយសម្តេចតេជោខូចទាំងស្រុង នៅរដូវប្រាំងហុយ ដល់រដូវវស្សានេះផ្លូវក្លាយជារណ្តៅដក់ទឹកនិងបែកល្បាប់រអឹលពិបាកធ្វើដំណើរយ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានរាយការណ៍ជូនលោកមេឃុំនិងលោកអភិបាលស្រុកជាច្រើនលើកមកហើយប៉ុន្តែលទ្ធផលគឺស្ងាត់ឈឹង ទើបប្រជាពលរដ្ឋអំពាវនាវសុំឲ្យលោកអភិបាលខេត្តស្វាយរៀងប៉េងពោធិសា និងជាពិសេសសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត មេត្តាជួយអន្តរាគមន៍សុំឲ្យអាជ្ញាធរខេត្តចុះពិនិត្យដោះស្រាយនិងទប់ស្កាត់រថយន្តក្រុមឈ្មួញដែលកំពុងដឹកទំនិញបំផ្លាញផ្លូវដែលជាចំណងដៃរបស់សម្តេចតេជោនិងបំផ្លាញផ្លូវជនបទខូចអស់ហើយ ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអភិបាលស្រុកចន្ទ្រានិងលោកអភិបាលស្រុកកំពង់រោទ៌បានទេរហូតដល់វេលាម៉ោង៥ល្ងាចនេះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




































