រាជធានីភ្នំពេញ ៖ ភ្លៀងបានបង្អុរធ្លាក់មួយមេយ៉ាងខ្លាំង នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បណ្ដាលឲ្យផ្លូវនានានៅទាំងធំ ទាំងតូច នៅក្នុងរាជធានីភ្នំពេញ ត្រូវទឹកជនលិច បង្កឲ្យកក់ស្ទះចរាចរណ៍ជាខ្លាំង ខណៈយានយន្តមួយចំនួនបានរលត់ម៉ាស៊ីន។ ចំណែកលំនៅឋានប្រជាពលរដ្ឋមួយចំនួន ក៏ត្រូវទឹកជន់លិចផងដែរ បើតាមប្រជាពលរដ្ឋខ្លះនិយាយថា ភ្នំពេញ ថ្ងៃនេះ គ្រប់ទឹកហើយ ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត៤រសៀល ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង អស់រយៈពេលជិត១ម៉ោង ចំកណ្ដាលរាជធានីភ្នំពេញ បណ្ដាលឲ្យទឹកជនលិចផ្លូវតូចធំ និងផ្ទះមួយចំនួន ។
ដោយឡែក កំណាត់មហាវិថីឈ្នះឈ្នះ ដែលពីមុនពុំធ្លាប់លិច នៅថ្ងៃនេះ ក៏បានលិច និងកកស្ទះចរាចរណ៍ជាខ្លាំង ផងដែរ ។
តាមព័ត៌មានឱ្យដឹងបន្តថា កំណត់មហាវិថីឈ្នះឈ្នះ ចាប់ពីរោងចក្រប៊ឺរី (ផ្លូវក្រវ៉ាត់ក្រុងទី៣) រហូតទៅដល់ផ្លូវរថភ្លើងស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣, សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវទឹកជនលិចនិងបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារយានយន្តមួយចំនួន បានរលត់ និងបណ្ដើរកាត់ទឹក ។ ក្រៅពីកំណាត់មហាវិថីឈ្នះឈ្នះខាងលើ នៅតាមផ្លូវលំបេតុងចូលភូមិសាមគ្គី ក្នុងសង្កាត់ត្រពាំងក្រសាំង ក៏ត្រូវទឹកជន់លិចជិតត្រឹមជង្គង់ផងដែរ ។
មិនថា តែមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នោះទេ នៅតាមបណ្ដាខណ្ឌមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានគេរាយការណ៍ថា ត្រូវទឹកជនលិចដែរ ។
ការជន់លិចផ្លូវ និងលំនៅឋានអ្នកក្រុងនេះ ត្រូវបានគេអះអាងថា ៖ បណ្ដាលមកពីប្រព័ន្ធតូចៗ ដាក់លូទាបខ្ពស់ ហើយសំរាមចូលស្ទះលូ, ផ្លូវមេខ្លះ អត់មានប្រពន្ធលូ ជាដើម ។ ម្យ៉ាងទៀត បរិមាណទឹកភ្លៀងច្រើន ៕


























