រាជធានីភ្នំពេញ ៖ មន្ដ្រីចៅក្រម៣រូប ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេច ដាក់ពិន័យមិនឲ្យចូលរួមដឹកនាំការប្រកួតចំនួន៣សប្ដាហ៍ បន្ទាប់ពីសហព័ន្ធរកឃើញថាផ្ដល់ពិន្ទុមិនត្រឹមត្រូវដោយដាក់ពិន្ទុឲ្យកីឡាករ ធន់ វណ្ណា ឈ្នះកីឡាករ Martin Sandro មកពីអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ទស្សនីយភាព សិល្បៈ វប្បធម៌ និងគុនខ្មែរ នៅកោះពេជ្រ កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៥ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
តាមរយៈវីដេអូនៃការប្រកួតបង្ហាញឱ្យឃើញថា កីឡាករអេស្ប៉ាញ Martin Sandro វាយចូលច្រើន និងធ្ងន់ៗទៅលើកីឡាករកម្ពុជា ធន់វណ្ណា ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា ការកាត់សេចក្ដីឱ្យកីឡាករកម្ពុជាឈ្នះគឺមិនត្រឹមត្រូវក៏ផ្ទុះប្រតិកម្មរិះគន់ព្រោងព្រាតពេញបណ្ដាញសង្គម។
លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោះប្រជុំបន្ទាន់ជាមួយមន្ដ្រីរៀបចំការប្រកួត មន្ត្រីអាជ្ញាកណ្ដាល ចៅក្រម ដែលដឹកនាំការប្រកួតនេះ ឲ្យពិនិត្យលទ្ធផលនៃការប្រកួតឡើងវិញ ។ ក្រោយពីពិនិត្យយ៉ាងល្អិតល្អន់ឃើញថា ជ័យជម្នះត្រូវបានទៅលើកីឡាករអេស្ប៉ាញ Martin Sandro។
ទោះបីយ៉ាងណា លទ្ធផលជ័យជម្នះ គឺមិនអាចកែប្រែបានទេ មានន័យថា ជ័យជម្នះនៅតែបានទៅលើ ធន់ វណ្ណា ។ ប៉ុន្ដែមន្ដ្រីចៅក្រម៣រូបដែលត្រូវបានសហព័ន្ធរកឃើញថា ផ្ដល់ពិន្ទុមិនត្រឹមត្រូវ នឹងត្រូវជាប់ពិន័យមិនឲ្យចូលរួមដឹកនាំការប្រកួតចំនួន៣សប្ដាហ៍ ។ សហព័ន្ធដាក់ពិន័យមន្ដ្រី៣រូបនេះពីបទប្រព្រឹត្ដខុសទៅនឹងបទបញ្ជាបច្ចេកទេស គ្រប់គ្រងការប្រកួត។
ការដាក់ពិន័យចៅក្រមទាំង៣រូបមិនឲ្យចូលរួមដឹកនាំការប្រកួតចំនួន៣សប្ដាហ៍ដោយមិនបង្ហាញឈ្មោះចៅក្រមទាំងនោះត្រូវបានមហាជនមួយចំនួនរិះគន់ផងដែរ។ អ្នកខ្លះថាការដាក់ពិន័យហាក់ស្រាលពេក អ្នកខ្លះថា សហព័ន្ធគួរតែបង្ហាញឈ្មោះចៅក្រមដែលទទួលរងការពិន័យដើម្បីឱ្យមហាជនបានស្គាល់ផងទើបមានការជឿជាក់លើចំណាត់ការរបស់សហព័ន្ធថាមានតម្លាភាព ។
អ្នកខ្លះទៀតថា គួរឱ្យមន្ត្រីចៅក្រមទាំង៣រូបនោះទៅចូលរួមវគ្គបណ្ដុះបណ្ដាលឬវគ្គបំប៉នឡើងវិញ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានឲ្យដឹងថា កន្លងមក សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកវគ្គបំប៉នលើមន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល
ដោយផ្ដោតលើស្តង់ដាររួមនៃការកាត់សេចក្ដី ការដាក់ពិន្ទុត្រូវគោរពគោលការណ៍តែមួយដើម្បីកាត់បន្ថយនូវកំហុសឆ្គងនានានៅតាមសង្វៀន។ កន្លងទៅដូចមើលឃើញស្រាប់ហើយ ការដាក់ពិន្ទុមិនមានគោលការណ៍តែមួយ ស្តង់ដារដូចគ្នាឡើយ ពោលចៅក្រមខ្លះដាក់តាមការយល់ឃើញរបស់
ខ្លួនទៅ ចៅក្រមផ្សេងទៀតដាក់តាមចិត្តរបស់ខ្លួនទៅវិញ ហេតុនេះហើយទើបមានការមិនយល់ស្របលើការកាត់សេចក្ដីជាហូរហែ ។
លោកនឹងតាមដានលទ្ធផលនៃការអនុវត្តការងារបន្ថែមទៀត និងបែងចែកកម្រិតមន្ត្រីរូបណាខ្លះស្ថិតក្នុងលំដាប់ផ្សេងៗគ្នា ។ លោកសង្ឃឹមថា មន្ត្រីទាំងអស់នឹងអនុវត្តការងារកាន់តែមានប្រសិទ្ធ
ភាព និងកាត់បន្ថយកំហុសឆ្គងនៅតាមសង្វៀននានា។
ទោះបីសហព័ន្ធមិនប្រាប់អត្តសញ្ញាណមន្ត្រីចៅក្រមដែលទទួលការពិន័យ ក៏ប្រភពព័ត៌មានបានទម្លាយប្រាប់កោះសន្តិភាពក្នុងលក្ខខណ្ឌសុំមិនឱ្យបញ្ចេញឈ្មោះថា មន្ត្រីចៅក្រមដែលផ្ដល់ពិន្ទុឱ្យបង្គោលក្រហមធន់ វណ្ណា ឈ្នះ គឺទី១ឈ្មោះឡុង សំអឿន ទី២ឈ្មោះសួង សុវណ្ណថានិងទី៣ឈ្មោះពៅ ប៊ុណ្ណា ។
អ្នកទាំង៣នាក់ត្រូវសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិន័យមិនឱ្យចូលរួមដឹកនាំការប្រកួតដែលរៀបចំដោយសហព័ន្ធរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥តទៅ ពីបទប្រព្រឹត្តខុសទៅនឹងបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ៕

