(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ លើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា នៅវេលាម៉ោង ០៦និង ៥០នាទី នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ព្រឹកមិញនេះ សមត្ថកិច្ច បង្ក្រាបបានស៊ុតមាន់ជាង ២ ម៉ឺនគ្រាប់ ដែលដឹកចេញពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងមកចែកចាយនៅរាជធានីភ្នំពេញ។
តាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់បន្ថែមថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿងម៉ាក SSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ៨៥ដុំ ស្មើនឹង ២៥៥០០គ្រាប់ ស្ទាក់ចាប់ជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តខាងលើបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
ប្រភព៖ Sarat Hun