ខេត្តព្រៃវែង ៖ បុរសចំណាស់វ័យ៧០ឆ្នាំម្នាក់(ដែលជាអ្នកជិតខាងនិងគ្នា)ត្រូវបានជនល្មើសវាយនឹងដែកជ្រុង បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែជនសង្ស័យខឹងជនរងគ្រោះញុះញង់ឲ្យប្រពន្ធរបស់គេលែងលះរូបគេ ។

អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ឧសភា នៅចំណុចភូមិសេរីចរចារ ឃុំគោកគង់កើត ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។ ជនរងគ្រោះមានឈ្មោះ ថោង ថេត ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុកកញ្ជ្រាច ចំណែកជនបង្កមានឈ្មោះ យ៉េត រៃយ៉ា ភេទប្រុស អាយុ 38 ឆ្នាំមានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើដំណើរម្នាក់ឯងតាមផ្លូវលំក្នុងភូមិសុខៗ ស្រាប់តែជនសង្ស័យយកដែកជ្រុង ស្ទុះទៅវាយសំពងជនរងគ្រោះរហូតបណ្ដាលអោយប្រកាច់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង រួចជនបង្កក៏រត់គេខ្លួនបាត់ភ្លាមៗផងដែរ ។ ប្រភពដដែលនេះបានបញ្ជាក់ថា ពេលពេលជនល្មើសធ្វើសកម្មភាពវាយជនរងគ្រោះ មានអ្នកស្រុកដែលកំពុងដើរឃ្វាលគោនៅក្បែរនោះបានឃើញហេតុការណ៍ ហើយក៏បានទាក់ទងប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ហើយប្រមាណជាងមួយម៉ោងប៉ុណ្ណោះ សមត្ថកិច្ចក៏ស្ទាក់ចាប់ឃាត់ខ្លួនជនល្មើសបាន។
ក្រោយត្រូវបានចាប់ឃាត់ខ្លួន ជនល្មើសបានឆ្លើយសារភាពថា មូលហេតុដែលគេវាយសម្លាប់ជនរងគ្រោះ គឺដោយសារតែរូបគេខឹងជនរងគ្រោះ បានញុះញង់ប្រពន្ធរបស់គេ ឱ្យលែងរូបគេ បើជនរងគ្រោះមិនញុះញង់ប្រពន្ធគេទេ ប្ដីប្រពន្ធរបស់គេក៏មិនបែកបាក់គ្នាដែរ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រាច ដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។
