(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា ប្រទេសសិង្ហបុរី ចាប់ផ្ដើមទទួលយកពលករខ្មែរឱ្យធ្វើការក្នុងប្រទេសរបស់ខ្លួន ក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា។
ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សាធារណជនទាំងអស់ ជាពិសេសអ្នកដែលមាន បំណងទៅធ្វើការនៅប្រទេសសិង្ហបុរី និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non- Traditional Sources – NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការក្នុងប្រភេទការងារផ្សេងបន្ថែមទៀត ដូចជាការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នេះតទៅ។ ក្នុងន័យនេះ ទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន នឹងគ្រប់គ្រង ពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរីទាំងអស់ អាចបញ្ជូនពលករខ្មែរទៅធ្វើការក្នុងប្រភេទការងារខាងលើ បន្ថែមលើការងារផ្ទះ និងការផ្តល់សេវាតាមផ្ទះនាពេលបច្ចុប្បន្ន ដោយត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នានា ព្រមទាំងត្រូវអនុវត្តនូវនីតិវិធីនៃការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី។
ទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី អាចទំនាក់ទំនងផ្ទាល់ជាមួយទីភ្នាក់ងារជ្រើសរើសសិង្ហបុរី ដែលទទួលបានការអនុញ្ញាត ដើម្បីធ្វើការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី (បញ្ជីឈ្មោះ ទីភ្នាក់ងារសិង្ហបុរីមានផ្សព្វផ្សាយលើគេហទំព័រ https://service2.mom.gov.sg/eadirectory/ ឬអាចទំនាក់ទំនង តាមរយៈអ៊ីមែល mom_fimmd@mom.gov.sg ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែម)។ ទីភ្នាក់ងារជ្រើសរើសឯកជន កម្ពុជា ក៏អាចធ្វើការដោយផ្ទាល់ជាមួយនិយោជកនៅប្រទេសសិង្ហបុរីដែលជាក្រុមហ៊ុនទទួលធំៗ ផងដែរ៕