ក្រុមកីឡា​តេ​ក្វា​ន់​ដូ​វិទ្យាល័យ​បឹង​ត្របែក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ

ក្រុមកីឡា​តេ​ក្វា​ន់​ដូ​វិទ្យាល័យ​បឹង​ត្របែក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​(WT)​ជ្រើសរើស​ជើងឯក​កុមារ អបអរសាទរ​ខួប​លើក​ទី​៧៦ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០២៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​១​ថ្ងៃ​ពេញ​នៅ​វិទ្យាល័យ​បឹង​ត្របែក បាន​ប្រកាស​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម​ជ័យ ចាប ប្រធាន​សមាគម​កីឡា​តេ​ក្វា​ន់ដូ​WT​រាជធានី​ភ្នំពេញ​។

លោក សំ សុខ​យី ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជ្រើសរើស​ជើងឯក​កុមារ​អបអរសាទរ​ខួប​លើក​ទី​៧៦​ទិវា​កុមារ​អន្តរជាតិ​ឆ្នាំ​២០២៥ នេះរៀបចំ​ឡើង​ស្រប​តាម​ផែនការ​ប្រចាំឆ្នាំ​របស់​សមាគម​កីឡា​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ​ដោយ​មាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ និង​អង្គភាព​ពាក់ព័ន្ធ​នានា ព្រមទាំង​បានការ​គាំទ្រ​ពី​សំណាក់​មាតាបិតា​សិស្ស​គុន​ក្លិប​ផង​ដែរ​។ សម្រាប់​ការ​ប្រកួតនេះ​មាន​ក្លិប​ចំនួន​៧​ចូលរួម និង​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប​ចំនួន​១៣១​នាក់​ក្ន​ង​នោះ​កីឡាការិនី​ចំនួន​៦០​នាក់​។


ចំណែក​វិញ្ញាសា​ដែល​បាន​ដាក់​ឱ្យ​ប្រកួត​មាន​វិញ្ញាសា​ទាត់​ល្បឿន វិញ្ញាសា​ទាត់​ខ្ពស់​ច្រើន​ជើង
វិញ្ញាសា​មេគុណ​ឯកត្តជន វិញ្ញាសា​ប្រយុទ្ធ​ឯក​ត្តជន​បុរស​-​នារី ។

ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈពេល​១​ថ្ងៃ​ពេញ​ជា​លទ្ធផល​បច្ចេកទេស​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ក្លិប​វិទ្យាល័យ​បឹង​ត្របែក ដណ្ដើម​បាន​មេដាយ​៤៤​គ្រឿងក្នុង​នោះ​មេដាយមាស​ចំនួន​១៦​គ្រឿង មេដាយ​ប្រាក់​ចំនួន​១៤​គ្រឿងនិង​មេដាយ​សំរឹទ្ធ​១៤​គ្រឿង ។ ចំណាត់​លេខ​២បាន​ទៅ​លើ​វិទ្យាល័យ​ហ៊ុន​សែន​ចាក់​អង្រែ​ដណ្ដើមបាន​មេដាយ​ចំនួន​២០​គ្រឿងក្នុង​នោះ​មេដាយមាស​ចំនួន​៤​គ្រឿង មេដាយ​ប្រាក់​ចំនួន​៩​គ្រឿងនិង​មេដាយ​សំរឹទ្ធ​ចំនួន​៧​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​សមាគម​កីឡា​តេ​ក្វា​ន់​ដូ​ខេត្តសៀមរាប ដណ្ដើម​បាន​មេដាយ​ចំនួន​៧​គ្រឿង ក្នុង​នោះ​មេដាយមាស​ចំនួន​៤​គ្រឿង មេដាយ​ប្រាក់​ចំនួន​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​១​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅ​លើ​សាលា​បឋម​សិក្សា​ចតុមុខ ដណ្ដើម​បាន​មេដាយ​ចំនួន​៦​គ្រឿងក្នុង​នោះ​មេដាយមាស​២​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង ។

ចំណាត់ថ្នាក់​លេខ​៥​បាន​ទៅ​លើ​វិទ្យាល័យ​ជា​ស៊ី​ម សន្ធរ​ម៉ុ​ក ដណ្ដើម​បាន​មេដាយ​៧​គ្រឿងក្នុង​នោះ​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​៤​គ្រឿង និង​ចំណាត់ថ្នាក់​លេខ​៦​បាន​ទៅ​លើ​សាលា​អន្តរជាតិ​ខេ​មហ្វឺ​ស ដណ្ដើម​បាន​មេដាយ​៣​គ្រឿងក្នុង​នោះ មេដាយមាស​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង​។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​ជ័យ ចាប បាន​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​ណៈកម្មការ​រៀបចំ​ការ​ប្រកួត មាតាបិតា អាណាព្យាបាល កីឡាករ កីឡាការិនី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្ន​ពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​គាំទ្រ​សកម្មភាព​របស់​សមាគម​កីឡា​តេ​ក្វា​ន់​ដូ​រាជធានីភ្នំពេញ ។ ការ​គាំទ្រ​មាន​ដូច​ជា​ជួយ​ផ្ដល់​ជា​សម្ភារៈ ថវិកា ជា​ពិសេស​ផ្ដល់​នូវ​កម្លាំងចិត្ត រហូត​ទទួល​បាន​ផ្លែផ្កា​នា​ពេល​នេះ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​ធនធានមនុស្ស​គឺជា​កត្តា​ដែល​ចាំបាច់​បំផុត ជា​ពិសេស​កុមា​រា កុមារី​ជា​ទំពាំង​ស្នង​ឬ​ស្សី ។ ដូចនេះ​ត្រូវ​ឱ្យ​កុមារ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត និង​ចូលរួម​ការ​ប្រកួត​នានា ដើម្បី​បញ្ចេញ​សមត្ថភាព ពង្រឹង​សាមគ្គីភាព ឥរិយា​បទ​ផ្ទាល់ខ្លួន​ជា​«​សិស្ស​ល្អ មិត្ត​ល្អ កូន​ល្អ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles