រាជធានីភ្នំពេញ ៖ កម្ពុជាបានកំពុងតែប្រមូលឯកសារពាក់ព័ន្ធនានា រួមទាំងមេធាវី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ក្នុងកិច្ចសម្ភាសន៍ ជាមួយទូរសទស្សន៍ជាតិកម្ពុជា នៅយប់ថ្ងៃទី១១ ខែមិថុនានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា កម្ពុជាបានកំពុងរៀបចំឯកសារពាក់ព័ន្ធនានា រួមទាំងរកមេធារីជាតិ អន្តរជាតិពូកែ ដើម្បីធ្វើការតតាំងក្តី នៅមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
ឯកឧត្តម បានអះអាងថា ទោះបីជាភាគីថៃ ប្រកាន់ជំហរ មិនទៅតតាំងក្តី នៅតុលាការយុត្តិធម៌អន្តរជាតិក្តី ក៏ភាគីកម្ពុជា នៅតែប្រកាន់ជំហរ យកតំបន់៤ខាងលើ ប្តឹងទៅតុលាការ ICJ ដដែល ។ ភាគីកម្ពុជា ក៏បានធ្វើលិខិតជាផ្លូវការ ទៅភាគីថៃ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែននេះ រួចហើយផងដែរ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ៖ “បញ្ហាព្រំដែននេះ យើងបានដោះស្រាយយូរហើយ រហូតកើតឲ្យអំពើហិ.ង្សា ដែលរាជរដ្ឋាភិបាលថាមិនអាចទទួលយកបាននោះទេ ។ ចំណុចដែលយើងប្រកាន់យក គឺមាននាំយករឿងនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ។ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថា សុំឲ្យថៃ សហការ ហើយថៃ មិនសហការ ក៏រាជរដ្ឋាភិបាល បន្តចាត់នីតិវិធីដោយម្ចាស់ការដោយខ្លួនឯង ។ ថៃមិនទៅក៏នៅតែបន្តទៅ” ។
ឯកឧត្តមក៏បានលើកឡើងទៀតថា កាលពីថ្ងៃទី៦ មិថុនា រាជរដ្ឋាភិបាលក៏បានបង្កើតឝណៈកម្មការមួយ ដើម្បីរៀបចំឯកសារ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ។
ឯកឧត្តមថា ៖ “គណៈកម្មការនេះ មានតួនាទីរៀបចំឯកសារ រកមេធាវីជាតិ អន្តរជាតិ ឲ្យឈរតំណាងនៅតុលាការ ដើម្បីតតាំងក្តី។ក្រសួងការបរទេសកម្ពុជា ក៏បានសរសេរលិខិតទៅសមភាគីថៃ ចំពោះរឿងនៅតុលាការអន្តរជាតិ ដើម្បីបានយុត្តិធម៌ទាំងអស់គ្នា ហើយជាយុត្តិធម៌ មិនលំអៀង យូរអង្វែងសម្រាប់កូនចៅតទៅមុខទៀត” ។
បើតាមការអះអាងរបស់អ្នកនាំពាក្យដដែល ថា ចាប់តាំងពីសម្តេចបវរធិបតី ថា យកករណីខាងដាក់ ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុមការងាររាជរដ្ឋាភិបាល បានធ្វើការងារនេះរហូត ដោយរកឯកសារ សំឡឹងមើលរកមេធាវីណាពូកែ និងកសាងឯកសារដាក់ទៅ ធ្វើយ៉ាងសំណុំរឿងរឹងមាំ ។
ឯកឧត្តម បានបញ្ជាក់ថា ៖ “នេះមិនមែនជារឿងតូចតាចទេ អ៊ីចឹងក្នុងការរកធនធានមនុស្ស ឯកសារ ត្រូវតែរឹងមាំ ទើបយកទៅតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយម្យ៉ាងជាសំណុំរឿងអធិបតេយ្យភាព បូរណភាពទឹកដី អ៊ីចឹងរាជរដ្ឋាភិបាល យកចិត្តទុកដាក់រឿងខ្លាំងណាស់ មិននិយាយតែមាត់នោះទេ គឺបានធ្វើសកម្មភាពជាក់ស្តែង ហើយបានកំពុងធ្វើ” ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មតិសាធារណជនថា សម្តេចបវរធិបតី ដាក់រឿងតំបន់៤ខាងលើ ទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីទី២ មិថុនានោះ ត្រូវបានអ្នកនាំពាក្យ លើកឡើងថា ចំណុចនេះ រាជរដ្ឋាភិបាល មិនទាន់បានដាក់ពាក្យបណ្តឹងនោះទេ គឺកំពុងតែរៀបចំគណៈកម្មការរៀបចំឯកសារ ហើយរួចរាល់នោះ ភាគីកម្ពុជា នឹងដាក់ទៅតែម្តង ។
ឯកឧត្តមថា នៅថ្ងៃទី១៤ មិថុនា នឹងមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ អ៊ីចឹង បានកម្ពុជារង់ចាំ ហើយនឹងដាក់របៀបវារៈ ទៅក្នុងកិច្ចប្រជុំនោះ ដោយស្នើឲ្យភាគីថៃ បញ្ជាក់ជាផ្លូវការចុងក្រោយថា ទៅជាមួយកម្ពុជា ឬក៏អត់ ? តែយើងសុំឲ្យគាត់(ថៃ)ទៅ! ហើយទទូចឲ្យគាត់(ថៃ)ទៅ ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ៖ “យើងចង់ឲ្យគាត់(ថៃ)ទៅ ហើយនៅពេលគាត់(ថៃ)ទៅ យើងដាក់ដំណើរទាំងពីរនាក់ តែបើគាត់មិនទៅ ក៏យើងនៅតែដាក់ ដែលនេះជាជំហររាជរដ្ឋាភិបាល បានបញ្ជាក់រួចហើយ” ៕
