បង្ក្រាបធំ! ឃាត់រថយន្តដឹកលៀសខុសច្បាប់ជិត៩តោន នៅព្រំប្រទល់កំពង់ឆ្នាំង-ពោធិ៍សាត់

បង្ក្រាបធំ! ឃាត់រថយន្តដឹកលៀសខុសច្បាប់ជិត៩តោន នៅព្រំប្រទល់កំពង់ឆ្នាំង-ពោធិ៍សាត់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងចម្រុះរួមមានមន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកងកម្លាំងយោធាជាច្រើនអង្គភាព បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនលៀសខុសច្បាប់ដ៏ធំមួយ ដោយឃាត់រថយន្តមួយគ្រឿងដែលផ្ទុកលៀសជិត ៩ តោន កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

បង្ក្រាបដឹកលៀសខុសច្បាប់

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងជំនាញជលផលបានសហការយ៉ាងសកម្មជាមួយកងកម្លាំងយោធា នៃកងពលតូចថ្មើរជើងលេខ ៥១, ៥២, ៥៣ និងយោធភូមិភាគទី ៥ ព្រមទាំងកម្លាំងប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានធ្វើការស្ទាក់ចាប់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3H 0196។ រថយន្តនេះត្រូវបានរកឃើញថា បានលួចដឹកលៀសចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដោយមានគោលបំណងយកទៅលក់នៅប្រទេសវៀតណាម។

លៀសខុសច្បាប់

បន្ទាប់ពីឃាត់រថយន្ត សមត្ថកិច្ចបានត្រួតពិនិត្យ និងរកឃើញលៀសចំនួន ១៩២ កា​រ៉ុ​ង ដែលមានទម្ងន់សរុប ៨៦៤០ គីឡូក្រាម គឺស្មើនឹងជាង ៨ តោនកន្លះ។ ជាមួយគ្នានោះ ជនសង្ស័យម្នាក់ដែលជាអ្នកបើកបររថយន្ត ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនផងដែរ។

ការឃាត់ខ្លួន

មន្ត្រីជំនាញរដ្ឋបាលជលផល បានឯកភាពគ្នាកសាងសំណុំរឿងនេះ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីជលផល។ នៅល្ងាចថ្ងៃកើតហេតុដដែល តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន។ ចំពោះវត្ថុតាងដែលជាលៀសជាង ៨ តោននោះ ត្រូវបានមន្ត្រីជំនាញជលផល និងកម្លាំងយោធា យកទៅចាក់លែងចូលទៅក្នុងទន្លេវិញ នៅភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ។

ចាក់លៀសចូលទន្លេ

administrator

Related Articles