ខេត្តបន្ទាយមានជ័យ ៖ ករណីលួចរថយន្តមួយគ្រឿងនៅក្រុងប៉ោយប៉ែត ដែលទើបកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវ និងស្ទាក់ចាប់បានយ៉ាងទាន់ហន់ត្រឹមតែជាង ៣ម៉ោងប៉ុណ្ណោះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៨:២០នាទីព្រឹក នៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងរថយន្តដែលបានលួចផងដែរ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានថ្លែងឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថាមានករណីលួចរថយន្តម៉ាក កាម៉ារី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E: 8386 នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោកបានបញ្ជាកម្លាំងក្រោមឱវាទភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ។

ជាលទ្ធផល កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក បានកំណត់មុខសញ្ញា និងស្ទាក់ឃាត់ខ្លួនជនសង្ស័យឈ្មោះ យុន ដាវីត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយនឹងរថយន្ត កាម៉ារី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E: 8386 ដែលមានភិនភាគដូចនឹងរថយន្តដែលត្រូវបានបាត់បង់។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនសង្ស័យ រួមទាំងវត្ថុតាងរថយន្តមួយគ្រឿង ត្រូវបានបញ្ជូនបន្តទៅកាន់កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
