ចិនប្រកាសផែនការ៥ឆ្នាំទី១៥៖ បោះជំហានកាន់តែខ្លាំងលើឆាកសកល!

ចិនប្រកាសផែនការ៥ឆ្នាំទី១៥៖ បោះជំហានកាន់តែខ្លាំងលើឆាកសកល!

អន្តរជាតិ, កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាលើ «សំណើស្តីពីការតាក់តែងផែនការ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»។ ក្នុងចន្លោះឆ្នាំ២០២១-២០២៥ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន លើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានកើនឡើងជាលំដាប់ រហូតដល់ ១៣៤ ទ្រីលានយ័ន នៅឆ្នាំ២០២៤ ដោយមានកំណើនជាមធ្យម ៥.៥% ជារៀងរាល់ឆ្នាំ។ កំណើនដ៏រឹងមាំនេះ គឺដោយសារការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម ដែលជាគន្លឹះជំរុញការធ្វើទំនើបកម្មឧស្សាហកម្មបច្ចេកវិទ្យាថ្មីៗ ពិសេសការបង្កើនតម្លៃបន្ថែមផ្នែកឧស្សាហកម្មឌីជីថល និងការផ្តោតលើឌីជីថលូបនីយកម្ម ដែលបានធ្វើឱ្យបច្ចេកវិទ្យាឌីជីថលបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយតួអង្គសេដ្ឋកិច្ច។ ប្រព័ន្ធ Software និងរោងចក្រវៃឆ្លាតរាប់ម៉ឺនកន្លែង ត្រូវបានបង្កើតឡើងសម្រាប់ឧស្សាហកម្មធំៗ ខណៈការប្រើប្រាស់ផលិតផលឆ្លាតវៃសិប្បនិម្មិត (AI) កាន់តែពេញនិយម។ ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនេះ បានបង្កើតមុខរបរថ្មីៗជាង ១០០ ប្រភេទ ផ្ដល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាជន។ Image related to China's developmentដោយសារគោលនយោបាយបើកទូលាយកម្រិតខ្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ចិនមានភាពធន់ក្នុងការប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានពីមុនមក។ ភាពធន់នៃទីផ្សារដ៏ធំធេង និងកម្លាំងទ្រទ្រង់នៃប្រព័ន្ធឧស្សាហកម្មពេញលេញរបស់ចិន បានធ្វើឱ្យពិភពលោកកាន់តែមានភាពប្រាកដប្រជាសម្រាប់ការអភិវឌ្ឍ។ ជាមួយនឹង «ផែនការអភិវឌ្ឍន៍៥ឆ្នាំ ទី១៥» ចិនបានផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេសកម្លាំងផលិតកម្មគុណភាពថ្មី នវានុវត្តន៍ ភាពបៃតង កាបូនទាប និងការធ្វើបរិវត្តកម្មទៅជាសេដ្ឋកិច្ចវៃឆ្លាត។ងាកមកមើលពីទិដ្ឋភាពមួយទៀត ប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវពហុភាគីនិយម សមាហរណកម្មតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំចិនបានគូសបញ្ជាក់ជាច្រើនលើកថា «ការអភិវឌ្ឍរបស់ចិន គឺជាការអភិវឌ្ឍរបស់ពិភពលោក ហើយឱកាសអភិវឌ្ឍន៍របស់ចិន ក៏ជាឱកាសអភិវឌ្ឍន៍របស់ពិភពលោក»។ ជាក់ស្តែង ចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់និងពិភពលោក ពិសេសសម្រាប់ឯករាជ្យភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្តាប្រទេសសកលខាងត្បូង។ ការផ្តោតលើពហុនិយម “ការអភិវឌ្ឍដែលមានគុណភាពខ្ពស់” ការពង្រឹងទំនាក់ទំនងអន្តរជាតិ និងការវិនិយោគបន្ថែម បានធ្វើឱ្យចិននៅតែជាដៃគូកម្រិតខ្ពស់សម្រាប់តំបន់និងសាកលលោក។ សម្រាប់តំបន់អាស៊ី/អាស៊ីអាគ្នេយ៍ បរិយាកាសសេដ្ឋកិច្ចរបស់ចិនបានដើរតួជា «ជន្ទល់ស្ថិរភាព» នៅពេលដែលពិភពលោកកំពុងប្រឈមនឹងភាពភ័យខ្លាចជាច្រើន។ លើសពីនេះ ចិនបានពង្រីក «ការបើកចំហរ» លើការវិនិយោគ និងការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន។ស្របជាមួយគ្នានេះ ការកសាងកម្លាំងផលិតភាពគុណភាពថ្មី និងបច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនស្វ័យប្រវត្តិ និងថាមពលបៃតង គឺជាគំរូនៃទស្សនទានថ្មីសម្រាប់ការអភិវឌ្ឍសកលលោក ដែលបណ្តាប្រទេសនានាគួរពិនិត្យ ពិចារណា និងយកចិត្តទុកដាក់ជាចាំបាច់។ ចិនក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើឧត្តមភាពបច្ចេកវិទ្យា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យនេះ ឱ្យកាន់តែទូលំទូលាយសម្រាប់តំបន់និងពិភពលោក។ ចំណុចនេះបង្ហាញថា ចិនបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍតំបន់និងពិភពលោក។ សម្រាប់តំបន់អាស៊ី-អាស៊ីអាគ្នេយ៍ ចិននឹងពង្រីកឱកាសសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ដើម្បីបង្កើតនូវចំណងសាមគ្គីភាពដ៏រឹងមាំមួយ ឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃសកលលោក។សរុបមក ផែនការអភិវឌ្ឍន៍របស់ចិននាពេល៥ឆ្នាំខាងមុខ គឺផ្តោតលើការការពារបរិស្ថាន និរន្តរភាព និងឌីជីថល ព្រមទាំងពង្រឹងទំនាក់ទំនងអន្តរជាតិ ដើម្បីការអភិវឌ្ឍរួម ដែលនឹងធ្វើឱ្យចិនក្លាយជាប្រទេសដ៏សំខាន់មួយក្នុងភាពជាដៃគូទាំងក្នុងតំបន់និងសកលលោក។ ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

administrator

Related Articles