រាជធានីភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយទាក់ទាញបានយុវជន សិស្សនិស្សិត និងសាធារណជនទូទៅជិត ១០ ម៉ឺននាក់ ឱ្យចូលរួមស្វែងរកឱកាស និងបទពិសោធន៍ថ្មីៗ។ នេះបើយោងតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានលើកឡើងថា ព្រឹត្តិការណ៍ដ៏ធំនេះ បាននាំមកនូវកម្មវិធីពិសេសៗជាច្រើនសម្រាប់យុវជនកម្ពុជា រួមមានការដាក់តាំងបង្ហាញស្នាដៃឆ្នើមៗរបស់សិស្សនិស្សិត និងយុវជនពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីៗ ការតាំងបង្ហាញពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក៏ដូចជាវគ្គបទបង្ហាញដ៏មានប្រយោជន៍ពីវាគ្មិនជំនាញ។ កម្មវិធីទាំងអស់នេះបានទទួលការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមថា យុវជនភាគច្រើនបានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍ការងារឆ្នាំនេះ ដោយចាត់ទុកថាជាស្ពានមាសដ៏សំខាន់មួយក្នុងការសម្រេចក្តីស្រមៃ និងក្តីប្រាថ្នារបស់ពួកគេនាពេលអនាគត។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ នេះ មានការចូលរួមពីក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលសរុបប្រមាណ ១៥០ ដែលបានផ្តល់ឱកាសការងារដល់ទៅជាង ៣ ម៉ឺនកន្លែង។ ក្នុងចំណោមអ្នកស្វែងរកការងារ មានបេក្ខជនសរុបចំនួន ១៧,៤០៤ នាក់បានដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ខណៈដែលបេក្ខជន ២,០៤១ នាក់បានជាប់ការងារបឋមភ្លាមៗ។

ពិព័រណ៍ការងារដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប រួមជាមួយនឹងដៃគូពាក់ព័ន្ធជាច្រើនទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងទីផ្សារការងារនៅកម្ពុជា។
