ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់បានចងកសម្លាប់ខ្លួនយ៉ាងអណោចអធ័មនៅក្នុងចំការដំឡូងមីមួយកន្លែង ស្ថិតនៅចំណុចក្រុមទី០១ ភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានមជ្ឈមណ្ឌលប្រចាំបញ្ជា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច័យសាកសព។ តាមការពិនិត្យ ជនរងគ្រោះត្រូវបានគេប្រទះឃើញចងកជាមួយនឹងដើមដំពូរបាយ ដែលមានកម្ពស់ប្រហែល ២ម៉ែត្រ។ សាកសពមានស្ថានភាពដាច់ខ្សែក្រវ៉ាត់ធ្លាក់មកក្រោម ហើយដេកផ្ងារក្បាលទៅទិសខាងត្បូង ដៃឆ្វេងសណ្ដូកផ្ងារទៅទិសខាងជើង ដៃស្ដាំសណ្ដូកផ្ងារទៅទិសខាងត្បូង ចំណែកជើងទាំងពីរអង្គុញ។ ជាពិសេស លើរាងកាយសព មានស្នាមសត្វអង្ក្រងរោមខាំ និងមានស្នាមជាំខ្មៅពេញតួខ្លួន។

លោក ឌុច ពៅ ភេទប្រុស អាយុ ៦២ឆ្នាំ ដែលត្រូវជាមេភូមិអូរដា បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណ ៧ និង១៧នាទីព្រឹកថ្ងៃកើតហេតុ លោកបានជិះម៉ូតូមកទិញម្ហូប ស្រាប់តែប្រទះឃើញមានមនុស្សឈរអ៊ូអរច្រើនកុះករ។ លោកក៏បានចុះពីម៉ូតូសួរអ្នកទាំងនោះថា តើមានរឿងអ្វី? បន្ទាប់មក លោកក៏បានចុះទៅមើលកន្លែងកើតហេតុដោយផ្ទាល់ ទើបបានឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់កំពុងដេកផ្ងារពោះបានស្លាប់បាត់ទៅហើយ។

ករណីនេះ ផ្នែកជំនាញរួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផ្លូវមាស បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិតដោយសារធ្វើអត្តឃាត (ចងក) ពិតប្រាកដមែន។ បន្ទាប់ពីបញ្ចប់នីតិវិធី សពត្រូវបានប្រគល់ជូនគណៈកម្មការវត្តអូរជា ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
