ក្តីសង្ឃឹមថ្មីនៃប្រជាកសិករ៖ ទំនប់អាងទឹកពាម ត្រលប់មកវិញស្រោចស្រពដំណាំ និងលើកកម្ពស់ជីវភាពរាប់ពាន់គ្រួសារនៅឃុំម្សាក្រង

ក្តីសង្ឃឹមថ្មីនៃប្រជាកសិករ៖ ទំនប់អាងទឹកពាម ត្រលប់មកវិញស្រោចស្រពដំណាំ និងលើកកម្ពស់ជីវភាពរាប់ពាន់គ្រួសារនៅឃុំម្សាក្រង

កំពង់ធំ៖ ទំនប់អាងទឹកពាម ដែលស្ថិតនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានកសាងឡើងតាំងពីសម័យប៉ុល ពត មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទឹកពីស្ទឹងស្ទោង និងផ្ទៃរងទឹកភ្លៀង ដើម្បីបម្រើឱ្យវិស័យកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករក្នុងតំបន់។

ដើម្បីឆ្លើយតបនឹងការលំបាករបស់ប្រជាពលរដ្ឋ និងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈនាយកដ្ឋានវិស្វកម្ម បានប្រឹងប្រែងជួសជុលទំនប់អាងទឹកពាមឡើងវិញ។ ការងារនេះមានសារៈសំខាន់ណាស់ ព្រោះទំនប់ចាស់បានបាក់បែក និងលែងអាចគ្រប់គ្រងលំហូរទឹកបានល្អ បង្កការលំបាកដល់ការបង្កបង្កើនផល។

ក្រុមការងារបច្ចេកទេសបានបែងចែកការជួសជុលទំនប់ជាពីរដំណាក់កាល គឺដំណាក់កាលទី១ ឆ្នាំ២០២៤ និងដំណាក់កាលទី២ ឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៥ នេះ គម្រោងសំខាន់ៗរួមមាន៖ ការជួសជុលខ្នងទំនប់ប្រវែង ៦,០០០ម៉ែត្រ ការសាងសង់លូចម្លង១កន្លែង លូជ្រុង៤កន្លែង ទ្វារទឹក(ទ្វារ៧) ១កន្លែង និងទ្វារទឹក(ទ្វារ៣) ១កន្លែង ដែលសុទ្ធតែជាសំណង់ចាំបាច់សម្រាប់គ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព។

លោក ភី សៅ មេភូមិប្រកៀប ឃុំម្សាក្រង បានរៀបរាប់ទាំងក្តីរីករាយថា៖ «កាលពីមុនពិបាកណាស់ ទឹកភ្លៀងច្រើនប៉ុនណា ក៏ហូរទៅវិញអស់ដែរ គ្មានអ្វីទប់ស្កាត់ឡើយ។ តែឥឡូវនេះ មានទ្វារទឹក និងសំណង់ស្ទាក់ទឹកទំនើប យើងអាចស្តុកទឹកតាមកម្រិតដែលត្រូវការ សម្រាប់ប្រើប្រាស់ និងធ្វើស្រែប្រាំងបាន២ដងក្នុងមួយឆ្នាំ។» លោកបន្ថែមថា ក្នុងរដូវវស្សា ផ្ទៃទឹកមើលទៅហាក់ស្មើគ្នាទាំងសងខាង ប៉ុន្តែជាក់ស្តែងផ្នែកខាងលើជាផ្ទៃអាង រីឯខាងក្រោមជាដីស្រែ ដែលងាយស្រួលគ្រប់គ្រងទឹកជាងមុនឆ្ងាយ។

តាមរយៈការជួសជុលនេះ ទំនប់អាងទឹកពាម នឹងអាចស្តុកទឹកបានកាន់តែច្រើន សម្រាប់ស្រោចស្រពដំណាំកសិកម្មក្នុងរដូវវស្សាប្រមាណ ១,០៥០ហិកតា រដូវប្រាំងប្រមាណ ៣,៥០០ហិកតា និងដំណាំរួមផ្សំ ១០ហិកតា របស់ប្រជាពលរដ្ឋចំនួន ២,៤២៦គ្រួសារ នៅក្នុងភូមិចំនួន១១ នៃឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ លើសពីនេះ ខ្នងទំនប់ក៏បានប្រែក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់ សម្រាប់ដឹកជញ្ជូនកសិផល និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយផងដែរ។

administrator

Related Articles