ចិនបញ្ជាក់ជំហររឿង APEC 2026 ក្រោយតៃវ៉ាន់បារម្ភពីសុវត្ថិភាព

ចិនបញ្ជាក់ជំហររឿង APEC 2026 ក្រោយតៃវ៉ាន់បារម្ភពីសុវត្ថិភាព

ក្រសួងការបរទេសចិនបានច្រានចោលទាំងស្រុងនូវការព្រួយបារម្ភរបស់តៃវ៉ាន់ អំពីសុវត្ថិភាពក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៦ នៅទីក្រុង Shenzhen។ ភាគីចិនបានទទូចថា អ្នកចូលរួមទាំងអស់នឹងអាចចូលរួម «ដោយរលូន» ដរាបណាតៃប៉ិគោរពតាមគោលការណ៍ «ចិនតែមួយ» និងអនុវត្តតាមច្បាប់ទម្លាប់របស់ APEC។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរជូនទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង «នឹងបំពេញកាតព្វកិច្ចជាម្ចាស់ផ្ទះដោយអនុលោមតាមច្បាប់ និងទំនៀមទម្លាប់របស់ APEC»។ ក្រសួងបានបន្ថែមថា «នឹងមិនមានបញ្ហាអ្វីជាមួយភាគីទាំងអស់ឡើយ ហើយការចូលរួមនឹងដំណើរការរលូន»។ ចិនបានសង្កត់ធ្ងន់ថា «គន្លឹះនៃការចូលរួមរបស់ចិនតៃប៉ិ» គឺស្ថិតនៅលើការប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌចិនតែមួយ និងអនុស្សរណៈនៃការយោគយល់របស់ APEC «ជាជាងបញ្ហាសុវត្ថិភាពណាមួយ»។

ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីលោក Jonathan Sun មន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសតៃវ៉ាន់ បានថ្លែងកាលពីសប្តាហ៍មុនថា តៃប៉ិបានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព និងការគោរពស្មើភាពគ្នាចំពោះអ្នកចូលរួម ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ២០២៦។

កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ នេះ នឹងប្រព្រឹត្តទៅចំពេលដែលទំនាក់ទំនងរវាងចិនដីគោក និងតៃវ៉ាន់ កំពុងតែស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងខ្លាំង។ ក្រុងប៉េកាំងបានបង្កើនសម្ពាធយោធាជុំវិញកោះតៃវ៉ាន់ ហើយបានបដិសេធមិនបង្កើតទំនាក់ទំនងជាមួយប្រធានាធិបតីបច្ចុប្បន្ន លោក Lai Ching-te ដែលចិនចាត់ទុកថាជា «ជនបំបែកខ្លួន»។

លើសពីនេះ ក្រុងប៉េកាំងក៏បានសម្តែងការខឹងសម្បារផងដែរ បន្ទាប់ពីបេសកជន APEC របស់តៃវ៉ាន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Lin Hsin-i បានជួបជាមួយរដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំនេះនៅកូរ៉េខាងត្បូង។ ទោះបីជាលោក Lin បានច្រានចោលការជំទាស់របស់ចិនក៏ដោយ ក៏ជប៉ុន ក៏ដូចជាសមាជិក APEC ផ្សេងទៀត មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់នោះទេ។

គួររំលឹកថា តៃវ៉ាន់ចូលរួមក្នុង APEC ក្រោមឈ្មោះ «តៃប៉ិចិន» ហើយប្រធានាធិបតីរបស់ខ្លួនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំនោះឡើយ។ នៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៤ ទំនាក់ទំនងមានភាពល្អប្រសើរយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Ma Ying-jeou ដែលបានពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ជាមួយទីក្រុងប៉េកាំង។

administrator

Related Articles