ព្រះសីហនុ! បិទកាស៊ីណូ ៤ កន្លែងទៀត សង្ស័យជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

ព្រះសីហនុ! បិទកាស៊ីណូ ៤ កន្លែងទៀត សង្ស័យជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

ខេត្តព្រះសីហនុ៖ អាជ្ញាធរមានសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបដ៏ក្ដៅគគុក ដោយបានចុះផ្អាក និងបិទជាបណ្ដោះអាសន្ននូវអាជីវកម្មកាស៊ីណូ ៤ កន្លែងបន្ថែមទៀត នៅក្នុងក្រុងព្រះសីហនុ។ ចំណាត់ការនេះធ្វើឡើងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងរីករាលដាល។

Image

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងនៃគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រុមការងារក៏មានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរការងារខេត្តព្រះសីហនុ និងសម្របសម្រួលនីតិវិធីដោយលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

Image

កាស៊ីណូទាំង ៤ កន្លែងនេះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបិទអាជីវកម្មនេះ គឺធ្វើឡើងដោយយោងតាមសេចក្ដីសម្រេចព្យួរអាជ្ញាបណ្ណរបស់គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដែលបានចេញកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

Image

កាស៊ីណូដែលត្រូវបានបិទ និងព្យួរអាជ្ញាបណ្ណរួមមាន៖
១. កាស៊ីណូ ជីន ប៉ី គ្រុប (Jin Bei Group) របស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក (យោងសេចក្ដីសម្រេចលេខ ០២៨ គ.ល.ក. សសរ)
Image
២. កាស៊ីណូ ជីន ប៉ី (Jin Bei) របស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក (យោងសេចក្ដីសម្រេចលេខ ០២៩ គ.ល.ក. សសរ)
Image
៣. កាស៊ីណូ ជី.ស៊ី កាស៊ីណូ (GC Casino) របស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក (យោងសេចក្ដីសម្រេចលេខ ០៣០ គ.ល.ក. សសរ)
Image
៤. កាស៊ីណូ ជីន ប៉ី ៤ (Jin Bei 4 Casino) របស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក (យោងសេចក្ដីសម្រេចលេខ ០៣១ គ.ល.ក. សសរ)

Image

ចំណាត់ការដ៏ម៉ឺងម៉ាត់នេះ គឺជាសារមួយបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់រាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងកិត្តិយសជាតិ។ ការអនុវត្តច្បាប់នឹងបន្តធ្វើឡើងដោយគ្មានការលើកលែង ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់។

Image

administrator

Related Articles