ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីស្ថានភាពធាតុអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីជាច្រើនភាគរយទូទាំងប្រទេស។ ការប្រែប្រួលអាកាសធាតុនេះ កើតឡើងដោយសារសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525។ 
ព្យុះកាលម៉េហ្គីនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលកំពុងបក់បោកលើផ្ទៃសមុទ្រអានដាម៉ែន សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា រួមទាំងអាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
យោងតាមការព្យាករណ៍៖
១- **តំបន់វាលទំនាប**៖ សីតុណ្ហភាពអប្បបរមាជាមធ្យម២១°C និងអតិបរមា២៩°C។ ខ្យល់នឹងបក់មកពីទិសឦសាន និងទិសបូព៌ា ដោយមានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៣៥%។ 
២- **តំបន់ខ្ពង់រាប**៖ សីតុណ្ហភាពអប្បបរមាជាមធ្យម២១°C និងអតិបរមា២៨°C។ ខ្យល់នឹងបក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍ ដោយមានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក៏ដូចជាជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
៣- **តំបន់មាត់សមុទ្រ**៖ សីតុណ្ហភាពអប្បបរមាជាមធ្យម២១°C និងអតិបរមា២៨°C។ ខ្យល់នឹងបក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ដោយមានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចនឹងជួបប្រទះភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។
រលកសមុទ្រក៏អាចមានកម្ពស់ចន្លោះពី០.៥០ម៉ែត្រ ទៅ១.៧៥ម៉ែត្រផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពរៀងៗខ្លួន។
ដោយ៖ សិលា
