នាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ថៃ (DDC) បានប្រកាសព្រមានដល់សាធារណជន ជាពិសេសអ្នកដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសឡាវ បន្ទាប់ពីមានការរកឃើញករណីជំងឺគ្រុនស្វិតដៃជើងប្រភេទថ្មីនៅក្នុងខេត្តសាវ៉ាន់ណាខេត្ត (Savannakhet)។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ DDC កាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ការផ្ទុះឡើងនៃមេរោគគ្រុនស្វិតដៃជើងប្រភេទទី១ (cVDPV1) ត្រូវបានរកឃើញលើកុមារពីរនាក់ដែលគ្មានរោគសញ្ញានៅទីក្រុងសាវ៉ាន់ណាខេត្ត កាលពីថ្ងៃទី៧ ខែតុលា។ នេះកើតឡើងក្រោយពីករណីមួយទៀតនៅខែសីហា ដែលពាក់ព័ន្ធនឹងកុមារម្នាក់មានអាការៈខ្សោយអវយវៈ។ DDC បានសង្កត់ធ្ងន់ថា «នេះបង្ហាញពីការផ្ទុះឡើងនៃជំងឺនៅក្នុងតំបន់យ៉ាងច្បាស់»។
លោកវេជ្ជបណ្ឌិត ម៉ុងទៀន កាណាសាវ៉ាត់ (Montien Kanasawat) អគ្គនាយក DDC បានបញ្ជាក់ថា មេរោគនេះត្រូវបានរកឃើញនៅក្នុងសំណាកលាមករបស់កុមារពីរនាក់បន្ថែមទៀត ដែលមានទំនាក់ទំនងជាមួយករណីដំបូង។ លោកបានព្រមានយ៉ាងម៉ឺងម៉ាត់ថា «មានហានិភ័យខ្ពស់ដែលជំងឺនេះអាចរាលដាលដល់ប្រទេសថៃ ជាពិសេសនៅតាមតំបន់ព្រំដែនដែលអត្រាចាក់វ៉ាក់សាំងនៅមានកម្រិតទាប»។

គួររំលឹកថា ជំងឺគ្រុនស្វិតដៃជើងជាការឆ្លងមេរោគដ៏សាហាវដែលវាយប្រហារប្រព័ន្ធសរសៃប្រសាទ បណ្ដាលឲ្យខ្វិនរហូតដល់ស្លាប់បាន។ មេរោគនេះចម្លងតាមរយៈអាហារ ឬទឹកដែលមានមេរោគ ហើយពុំទាន់មានវិធីព្យាបាលជាក់លាក់នៅឡើយទេ ប៉ុន្តែការចាក់វ៉ាក់សាំងអាចការពារបានយ៉ាងមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត ឌីរ៉េក ខាំផែន (Direk Khampaen) អគ្គនាយករង DDC បានថ្លែងថា មន្ត្រីត្រួតពិនិត្យជំងឺបានបង្កើនការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នៅតាមច្រកព្រំដែនរវាងថៃ និងឡាវ រួមទាំងការពិនិត្យអ្នកដំណើរ និងតាមដានរបាយការណ៍សុខភាពក្នុងតំបន់។ លោកបានអំពាវនាវដល់មាតាបិតាគ្រប់រូបឲ្យប្រាកដថា កុមារថៃអាយុពី ១ ទៅ ៥ ឆ្នាំ និងកុមារបរទេសអាយុក្រោម ១៥ ឆ្នាំ ដែលរស់នៅក្នុងខេត្តជាប់ព្រំដែនឡាវដែលមានហានិភ័យខ្ពស់ ដូចជា មុគដាហាន (Mukdahan) អាំណាត ចារឿន (Amnat Charoen) អ៊ូប៊ុន រ៉ាតឆាថានី (Ubon Ratchathani) និង ណាក់ខន ផាណុម (Nakhon Phanom) ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងឲ្យបានគ្រប់ដូស។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយគិតចាប់តាំងពីឆ្នាំ ២០១៧ ដែលប្រទេសឡាវបានជួបប្រទះការផ្ទុះឡើងវិញនូវជំងឺគ្រុនស្វិតដៃជើង ខណៈអត្រាចាក់វ៉ាក់សាំងសម្រាប់ជំងឺនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងតំបន់មួយចំនួន។
