ក្រុមហ៊ុនយក្សតួកគីយ៉េ «Yayla» ចាប់អារម្មណ៍ខ្លាំង! ត្រៀមនាំចូលអង្ករ និងផលិតផលកសិកម្មកម្ពុជា ទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា

ក្រុមហ៊ុនយក្សតួកគីយ៉េ «Yayla» ចាប់អារម្មណ៍ខ្លាំង! ត្រៀមនាំចូលអង្ករ និងផលិតផលកសិកម្មកម្ពុជា ទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Yayla ដែលជាក្រុមហ៊ុនផលិតម្ហូបអាហារ និងនាំចូលគ្រាប់ធញ្ញជាតិធំជាងគេមួយរបស់ប្រទេសតួកគីយ៉េ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា។ សំណើដ៏គួរឱ្យសាទរនេះ ត្រូវបានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងសន្យាផ្ដល់ជូនព័ត៌មានលម្អិតដល់វិស័យឯកជន និងអ្នកផលិតកម្ពុជា ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី ៣ ខែវិចិ្ឆកា ឆ្នាំ ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ រវាងលោកជំទាវ ចម និម្មល និងលោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla។ នៅក្នុងជំនួបនោះ លោក Hasan GÜMÜŞ បានគូសបញ្ជាក់ពីបំណងចង់នាំចូលផលិតផលកសិកម្មដ៏មានសក្ដានុពលរបស់កម្ពុជា រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដើម្បីយកទៅកែច្នៃ និងផ្គត់ផ្គង់តម្រូវការទីផ្សារដ៏ធំនៅក្នុងប្រទេសតួកគីយ៉េ ក៏ដូចជានាំចេញបន្តទៅកាន់ទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានសម្តែងការស្វាគមន៍យ៉ាងពេញទំហឹងចំពោះបំណងរបស់ក្រុមហ៊ុន Yayla ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា។ លោកជំទាវក៏បានជម្រាបជូនបន្ថែមអំពីសក្តានុពល និងលក្ខណៈពិសេសប្លែកពីគេរបស់ផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករក្រអូប និងគ្រាប់ស្វាយចន្ទី ដែលមានគុណភាពខ្ពស់។ ជាមួយគ្នានេះ លោកជំទាវបានសន្យាថានឹងយកសំណើរបស់ក្រុមហ៊ុននេះ ទៅផ្តល់ជូនដល់វិស័យឯកជន អ្នកផលិត និងអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីឱ្យពួកគេអាចបង្កើតទំនាក់ទំនង និងសិក្សាឱ្យបានស៊ីជម្រៅអំពីលទ្ធភាពក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសតួកគីយ៉េ។

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Yayla ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦។ វាគឺជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារដ៏ធំ និងមានច្រើនប្រភេទបំផុតមួយនៅក្នុងប្រទេសតួកគីយ៉េ ដោយមានសមត្ថភាពផលិតកម្មប្រមាណ ១លានតោនក្នុងមួយឆ្នាំ និងមានបណ្ដាញទីតាំងលក់រាយជាង ៦ម៉ឺនកន្លែងនៅក្នុងប្រទេសតួកគីយ៉េ និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។

administrator

Related Articles