ខេត្តសៀមរាប ៖ ទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ សៀមរាប បានរៀបចំខ្លួនរួចរាល់ជាស្ថាពរ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងកក់ក្តៅ ក្នុងការចូលរួមអបអរសាទរ និងទស្សនាកម្សាន្តព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់គឺ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៥។ ពិធីដ៏មហោឡារឹកនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាបដ៏ស្រស់ស្អាត។

ការរៀបចំពិធីបុណ្យប្រពៃណីដ៏ធំនេះ ធ្វើឡើងដោយសភាពសហព័ន្ធកម្ពុជាខេត្តសៀមរាប ដោយរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

នេះគឺជាឱកាសដ៏ល្អឥតខ្ចោះមួយសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមទស្សនាកម្សាន្ត និងរីករាយជាមួយទស្សនីយភាពប្លែកៗ ក៏ដូចជាស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជា។

សូមអញ្ជើញមកលេងសៀមរាបទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ដ៏រីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ!


