ក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់ជាមួយ លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla ដែលជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតផលម្ហូបអាហារធំជាងគេមួយនៅតួកគីយ៉េ។

ក្នុងជំនួបនោះ លោក Hasan GÜMÜŞ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រីរដ្ឋមន្ត្រី រួមទាំងគណៈប្រតិភូកម្ពុជា។ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមហ៊ុន Yayla ក្នុងការនាំចូលផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀត។ ផលិតផលទាំងនេះ នឹងត្រូវយកទៅកែច្នៃសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេសតួកគីយ៉េ ក៏ដូចជានាំចេញបន្តទៅកាន់ទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ាផងដែរ។


ជាការឆ្លើយតប លោកស្រី ចម និម្មល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ក្រុមហ៊ុន Yayla ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា។ លោកស្រីរដ្ឋមន្ត្រីបានជម្រាបជូនអំពីសក្តានុពលដ៏ធំធេង និងលក្ខណៈពិសេសរបស់ផលិតផលកសិកម្មខ្មែរ ជាពិសេសគឺអង្ករ និងគ្រាប់ស្វាយចន្ទី ដែលមានគុណភាពខ្ពស់។ លោកស្រីនឹងបញ្ជូនសំណើររបស់ក្រុមហ៊ុននេះ ទៅកាន់វិស័យឯកជន ផលិតករ និងអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីបង្កើតទំនាក់ទំនង និងសិក្សាពីលទ្ធភាពនៃការនាំចេញទៅកាន់ទីផ្សារតួកគីយ៉េនាពេលអនាគត។

គួរបញ្ជាក់ថា ក្រុមហ៊ុន Yayla ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ហើយបច្ចុប្បន្នជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតផលម្ហូបអាហារធំជាងគេមួយនៅតួកគីយ៉េ ដែលមានសមត្ថភាពផលិតកម្មប្រមាណ ១លានតោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះក៏មានបណ្តាញលក់រាយយ៉ាងទូលំទូលាយជាង ៦ម៉ឺនកន្លែងនៅក្នុងប្រទេសតួកគីយ៉េ និងបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ។

