ខេត្តកណ្ដាល៖ ករណីហិង្សាដ៏សាហាវមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារតែបញ្ហាម្ហូបអាហារ បងប្រុសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកញៀនថ្នាំ បានប្រើហិង្សាវាយទៅលើប្អូនស្រីបង្កើតរបស់ខ្លួនបណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិចារ ឃុំគោកត្រប់។ 
លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៉ាត កញ្ញា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជាប្អូនបង្កើត។ ចំណែកឯជនសង្ស័យជាបងបង្កើតដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ប៉ាត ភារិន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ តាមការពិនិត្យ ទឹកនោមរបស់ជនសង្ស័យមានផ្ទុកសារធាតុញៀនវិជ្ជមាន (+) ហើយអ្នកទាំងពីររស់នៅជាមួយគ្នានៅក្នុងភូមិខាងលើ។ វត្ថុតាងដែលត្រូវបានចាប់យកមានកៅអីជ័រមួយបានបែកបាក់។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីធ្វើការរោងចក្រដល់ផ្ទះ ហើយម្ដាយបានប្រាប់ឲ្យនាងចៀនត្រីដើម្បីបរិភោគបាយ។ មួយសន្ទុះក្រោយមក ជនសង្ស័យក៏ដើរចេញពីបន្ទប់មកសួរជនរងគ្រោះថា “ម្ហូបអញនៅឯណា”។ ពេលប្អូនស្រីឆ្លើយថា “ខ្ញុំអត់ដឹងទេ” ជនសង្ស័យក៏ខឹងសម្បារយ៉ាងខ្លាំង ហើយបានជេរប្រមាថប្អូនស្រីដោយពាក្យអសុរោះជាច្រើនម៉ាត់។ 
លុះដល់វេលាម៉ោង ៧:៣០នាទីយប់ដដែល ជនសង្ស័យបានស្ទុះមករកជនរងគ្រោះ ហើយទាញយកកៅអីជ័រវាយទៅលើប្អូនស្រីចំចង្កេះផ្នែកខាងស្ដាំមួយកៅអី និងបណ្ដាលឲ្យត្រូវចំកំភួនដៃផ្នែកខាងស្ដាំ បង្កជាមុខរបួសហូរឈាម។ ប្អូនប្រុសរបស់ជនរងគ្រោះបានព្យាយាមជួយឃាត់ដែរ តែជនសង្ស័យនៅតែបន្តធ្វើសកម្មភាព រហូតជនរងគ្រោះបានទូរសព្ទទៅប្ដីមកជួយ ទើបជនសង្ស័យព្រមឈប់។
ភ្លាមៗនោះ ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកត្រប់ ដែលក្រោយមកកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរ។ តាមចម្លើយសារភាព ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើហិង្សាវាយទៅលើប្អូនស្រីរបស់ខ្លួនដោយប្រើកៅអីជ័រពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ 
