លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ណែនាំពង្រឹងសន្តិសុខ និងហាមឡើងថ្លៃសេវាកម្មក្នុងឱកាសបុណ្យអុំទូក

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ណែនាំពង្រឹងសន្តិសុខ និងហាមឡើងថ្លៃសេវាកម្មក្នុងឱកាសបុណ្យអុំទូក

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា បន្ទាប់ពីរដ្ឋបាលខេត្តបានកែច្នៃ និងរៀបចំឱ្យមានឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង រួចមក ធ្វើឱ្យចំនួនភ្ញៀវទេសចរកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្តែង ក្នុងរដូវបុណ្យទានធំៗ និងថ្ងៃឈប់សម្រាកមួយចំនួន ខេត្តកំពតអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់ឯណោះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា កត្តាដ៏សំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងរីករាយក្នុងការដើរលេងកម្សាន្តនៅខេត្តកំពត គឺដោយសារតែការយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ដូច្នេះ លោកបានណែនាំដល់អាជ្ញាធរក្រុង-ស្រុក រួមទាំងកងកម្លាំងទាំងអស់ ត្រូវតែបន្តពង្រឹងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរបំផុត ជាពិសេសក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ទោះបីកន្លងមកពុំធ្លាប់មានបញ្ហាអ្វីកើតឡើងក៏ដោយ។

ទន្ទឹមនឹងការណែនាំអំពីសន្តិសុខ លោកអភិបាលខេត្តក៏បានក្រើនរម្លឹកដល់ម្ចាស់អាជីវកម្ម សេវាករ និងអ្នកផ្តល់សេវាកម្មគ្រប់ផ្នែកទាំងអស់ តាមរយៈមន្ទីរទេសចរណ៍ ឱ្យរក្សាតម្លៃសេវាកម្មឱ្យបានសមរម្យ និងមិនត្រូវដំឡើងថ្លៃលើសពីថ្ងៃធម្មតានោះឡើយ ក្នុងឱកាសបុណ្យអុំទូកនេះ។

ជាងនេះទៅទៀត ត្រូវរួមគ្នាផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្ត ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់ខេត្ត និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។

សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពតពុំមានការរៀបចំធ្វើពិធីប្រណាំងទូកង ឬកម្មវិធីកម្សាន្តសប្បាយទ្រង់ទ្រាយធំនោះទេ ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីជំនាញនៅតែរំពឹងថា ខេត្តនឹងមានភ្ញៀវទេសចរមកលម្ហែកម្សាន្តច្រើនកុះករ។

បច្ចុប្បន្ន របាយការណ៍បង្ហាញថា សណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់នានាក្នុងខេត្តកំពត ត្រូវបានកក់ពេញអស់ហើយ។

គួររំលឹកផងដែរថា ខេត្តកំពតមានរមណីយដ្ឋានសហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់ ត្រៀមស្វាគមន៍ភ្ញៀវទេសចរ។


administrator

Related Articles