ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ដែលចេញជិះកង់ហាត់ប្រាណជាប្រចាំ បានជួបគ្រោះអកុសល បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសាររថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ គួរឲ្យរន្ធត់ជាងនេះ រថយន្តបង្កបានអូសកង់ជនរងគ្រោះជាប់ទៅជាមួយ ប្រមាណជិត១០គីឡូម៉ែត្រ ទើបធ្លាក់ចុះរួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ត្រង់ចំណុចខាងជើងស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អៀង ចិន្តា ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ លោក អៀង ចិន្តា បានជិះកង់ហាត់ប្រាណតែម្នាក់ឯង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូងដូចសព្វដង។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលនៅក្បែរស្ពានអាកាសផ្សារដីហុយ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបរក្នុងទិសដៅស្របគ្នាពីក្រោយ ហើយបុកជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឲ្យដួលបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗ។

បន្ទាប់ពីបង្កគ្រោះថ្នាក់ដ៏រន្ធត់នេះ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ថែមទាំងបានកិនអូសកង់របស់ជនរងគ្រោះជាប់ទៅជាមួយ ហើយបើកគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកត្រឹមសពជនរងគ្រោះដេកស្លាប់នៅកណ្តាលផ្លូវ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណរថយន្តបង្ក និងទាក់ទងទៅក្រុមគ្រួសារសព ដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។ នៅព្រឹកថ្ងៃដដែលនោះ កង់ដែលរថយន្តបានអូសពីកន្លែងកើតហេតុ ត្រូវបានគេប្រទះឃើញបាក់ជាពីរ ធ្លាក់នៅតាមបណ្តោយផ្លូវ ៣៧១ កែងផ្លូវចូលបឹងតាខ្មៅ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចម្ងាយជិត ១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។ កង់នោះត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ចុះទៅប្រមូលយកមករក្សាទុក។

តាមព័ត៌មានចុងក្រោយ រថយន្តបង្កត្រូវបានគេសង្ស័យថាជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់តិ៍។ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់រកឃើញរថយន្តបង្កនោះនៅឡើយទេ ហើយកំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនអ្នកបើកបរមកទទួលខុសត្រូវចំពោះមុខច្បាប់។
