ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមុខបកស្រាយយ៉ាងច្បាស់ៗ ដើម្បីបំបាត់ការយល់ច្រឡំរបស់ប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងរឿងការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាពិតជាមិនចង់ឱ្យប្រជាជនទទួលទានដំណេកទាំងមានការយល់ខុសនោះឡើយ ដោយបញ្ជាក់ថា ចាប់តាំងពីភាគីថៃបានបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅស្នើសុំឱ្យថៃបើកច្រកឡើងវិញនោះទេ។
សម្តេចតេជោបានរំលឹកពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ថៃ ចាប់តាំងពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះរួមបញ្ចូលទាំងការប្រជុំ JBC.RBC និងការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលជាជំហានឆ្ពោះទៅរកការបញ្ចប់អរិភាព។ 
ទោះជាយ៉ាងនេះក្តី សម្តេចតេជោបានសម្តែងការព្រួយបារម្ភចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំថៃមួយចំនួន អំពីការបើកច្រកព្រំដែនឡើងវិញនាពេលថ្មីៗនេះ ដែលអាចក្លាយជាប្រធានបទឃោសនាបោះឆ្នោតនៅប្រទេសថៃ។ ការនិយាយដដែលៗបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឱ្យបើកច្រក។
សម្តេចតេជោបានបញ្ជាក់ជាថ្មីចំពោះប្រជាពលរដ្ឋកម្ពុជាថា កម្ពុជាមិនដែលបានស្នើសុំឱ្យថៃបើកច្រកព្រំដែននោះទេ ទោះបីថៃបន្តបិទអស់រយៈពេល ១០០ ឆ្នាំ ឬ ៥០០ ឆ្នាំទៀតក៏ដោយ ព្រោះកូនសោស្ថិតនៅក្នុងដៃរបស់ថៃ។ ការបិទនេះមិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ ផ្ទុយទៅវិញ វាបានក្លាយជាឱកាសមាសសម្រាប់ផលិតផលក្នុងស្រុក ក្នុងការជំនួសផលិតផលថៃ ដែលជំរុញឱ្យផលិតកម្មក្នុងស្រុកកើនឡើង។
សម្តេចតេជោក៏បានមានប្រសាសន៍ប្រាប់ប្រតិភូមិត្តភក្តិបរទេសផងដែរថា ការបិទច្រកព្រំដែននេះ មិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែថែមទាំងកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីទាំងមូលផងដែរ ដោយចោទជាសំនួរថា តើហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៊ីនៅឯណា?
សង្ឃឹមថាសារដ៏ច្បាស់លាស់នេះ នឹងទៅដល់ថ្នាក់ដឹកនាំថៃ និងប្រជាជនថៃ ដើម្បីឱ្យពួកគេយល់ថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ ហើយប្រជាជនកម្ពុជាក៏មិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃបើកច្រកវិញនោះដែរ។
