(ខេត្តកំពត)៖ ក្រសួងមហាផ្ទៃបានចេញផ្សាយនៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់បង្កើនការថែរក្សាសន្តិសុខជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរ ជាពិសេសគឺហាមដាច់ខាតមិនឱ្យមានការតម្លើងថ្លៃគ្រប់សេវាកម្មទាំងអស់ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានជំរុញឱ្យបណ្តាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ត្រូវតែយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពីរដ្ឋបាលខេត្តបានកែច្នៃនិងរៀបចំតំបន់កម្សាន្តថ្មីៗជាច្រើនដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង រួចមក ភ្ញៀវទេសចរណ៍បានកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ រាល់ពេលបុណ្យទាន និងថ្ងៃឈប់សម្រាកម្តងៗ ខេត្តកំពតអាចទទួលភ្ញៀវចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់។

កត្តាដ៏សំខាន់មួយដែលធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងរីករាយក្នុងការមកលេងកម្សាន្តនៅខេត្តកំពត គឺដោយសារតែការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរពីសំណាក់អាជ្ញាធរនិងកងកម្លាំង។ ដូច្នេះ អាជ្ញាធរក្រុង-ស្រុកទាំង៩ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវតែបន្តភារកិច្ចនេះឱ្យបានខ្ជាប់ខ្ជួនបំផុត ក្នុងការការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលនឹងមកកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ទោះបីកន្លងមកពុំធ្លាប់មានបញ្ហាអ្វីកើតឡើងក៏ដោយ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកជាថ្មីដល់ម្ចាស់អាជីវកម្ម សេវាកម្ម និងអ្នកផ្តល់សេវាទាំងអស់ តាមរយៈមន្ទីរទេសចរណ៍ មិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃលើសពីថ្ងៃធម្មតានោះឡើយ ក្នុងអំឡុងពេលបុណ្យអុំទូក។ ផ្ទុយទៅវិញ ត្រូវរួមគ្នាផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនភ្ញៀវទេសចរ ដើម្បីលើកស្ទួយកិត្តិយសខេត្ត និងទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។
គួរឱ្យកត់សម្គាល់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពតពុំមានការរៀបចំពិធីប្រណាំងទូក.ង ឬកម្មវិធីកម្សាន្តសប្បាយដទៃទៀតនោះទេ។ តែទោះជាយ៉ាងណា មន្ត្រីជំនាញរំពឹងថា ខេត្តនឹងនៅតែទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកុះករ ដ្បិតមកទល់ពេលនេះ សណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់ភាគច្រើនត្រូវបានកក់ពេញអស់ហើយ។
បច្ចុប្បន្ន ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទាក់ទាញភ្ញៀវសរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងមានសេវាកម្មស្នាក់នៅគ្រប់កម្រិតចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់។
ប្រភព៖ ក្រសួងមហាផ្ទៃ
