ចាប់បានក្រុមជនសង្ស័យ ៤នាក់ ប្រើឧបករណ៍ឆក់ត្រីយ៉ាងសកម្ម ស្រាប់តែរកឃើញគ្រឿងញៀនជាប់ខ្លួនទៀតនៅបាណន់!

ចាប់បានក្រុមជនសង្ស័យ ៤នាក់ ប្រើឧបករណ៍ឆក់ត្រីយ៉ាងសកម្ម ស្រាប់តែរកឃើញគ្រឿងញៀនជាប់ខ្លួនទៀតនៅបាណន់!

បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានបើកប្រតិបត្តិការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ខណៈដែលពួកគេកំពុងតែមមាញឹកធ្វើសកម្មភាពឆក់ត្រីយ៉ាងគឃ្លើនក្នុងមូលដ្ឋាន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រោយការឃាត់ខ្លួន និងត្រួតពិនិត្យ ក្រុមសមត្ថកិច្ចបានរកឃើញសារធាតុញៀនមួយចំនួនជាប់នឹងខ្លួនរបស់ជនសង្ស័យទាំងនោះទៀតផង។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ ដែលបានចុះល្បាតក្នុងមូលដ្ឋានឃុំចែងមានជ័យ និងឃុំតាគ្រាម។ ក្នុងពេលចុះល្បាតនោះ កម្លាំងជំនាញបានប្រទះឃើញក្រុមបុរសទាំង ៤នាក់ កំពុងតែប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ដោយមិនខ្វល់ពីបម្រាមច្បាប់ទម្លាប់ឡើយ។

ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញវត្ថុតាងរួមមាន៖ អំភ្លីឆក់ចំនួន ០៣គ្រឿង, អាគុយ ៤០អំពែចំនួន ០៣, ដងឆក់ចំនួន ០២សម្រាប់, សារធាតុញៀនចំនួន ០១ថង់, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចាស់ចំនួន ០១គ្រឿង។

តាមការសាកសួរជំហានដំបូង ជនសង្ស័យទាំង ៤នាក់ បានសារភាពថា ពួកគេមិនត្រឹមតែបានប្រព្រឹត្តបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រីប៉ុណ្ណោះទេ ថែមទាំងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ ទាំងពេលកន្លងមក និងបច្ចុប្បន្ន។

ករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីនៅតាមមូលដ្ឋាន នៅតែជាបញ្ហាមួយដែលកើតមានជាបន្តបន្ទាប់ បើទោះបីជាសមត្ថកិច្ចខិតខំផ្សព្វផ្សាយ និងអប់រំយ៉ាងណាក៏ដោយ។ សកម្មភាពនេះ បើទោះមើលទៅហាក់បីដូចជារឿងតូចតាច ប៉ុន្តែវាបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលធម្មជាតិ រួមមានត្រីតូច ត្រីធំ ត្រីពង និងកូនត្រី ដែលធ្វើឲ្យបាត់បង់តុល្យភាពបរិស្ថាន និងប៉ះពាល់ដល់ការបង្កកំណើតរបស់សត្វទឹក។ ដូច្នេះហើយ ប្រជាពលរដ្ឋគ្រប់រូបគប្បីចូលរួមទាំងអស់គ្នា ដោយប្រើប្រាស់តែឧបករណ៍នេសាទណាដែលស្របច្បាប់ ដើម្បីថែរក្សាធនធានធម្មជាតិរបស់យើង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

administrator

Related Articles