ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋចន្លោះពី ១០,០០០ ទៅ ១៥,០០០នាក់ជាបន្ទាន់ ចេញពីតំបន់គ្រោះថ្នាក់ ដោយសារតែឥទ្ធិពលដ៏គំរាមកំហែងរបស់ព្យុះទីហ្វុង «កាល់ម៉ាហ្គី» (Kalmaegi)។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣ ខែវិច្ឆិកា ព្យុះដ៏សាហាវនេះកំពុងតែបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់កោះ Leyte ដែលជាកោះធំជាងគេលំដាប់ទី៦ របស់ប្រទេស។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានចេញការព្រមានថា ព្យុះទីហ្វុងកាល់ម៉ាហ្គី នឹងនាំមកនូវខ្យល់បក់ខ្លាំងក្នុងល្បឿនចន្លោះពី ១២០ ទៅ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បូករួមនឹងភ្លៀងធ្លាក់ជោគជាំ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់បាក់ដីនៅតាមតំបន់ងាយរងគ្រោះជាច្រើន។ ហេតុការណ៍នេះបានរំឭកដល់ការចងចាំដ៏សែនឈឺចាប់កាលពីឆ្នាំ២០១៣ នៅពេលដែលកោះ Leyte ធ្លាប់បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីព្យុះមួយផ្សេងទៀត បណ្តាលឱ្យមនុស្សជាង ៦,០០០នាក់បានបាត់បង់ជីវិត។
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
