ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូចំនួន១៤រូប រួមមានតំណាងក្រសួងពាក់ព័ន្ធ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីរោងចក្រឧស្សាហកម្មទំនើប និងបច្ចេកវិទ្យាថ្មី ដើម្បីការពារបំពុលបរិស្ថាន ក្នុងក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន។

ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តប៉ៃលិនបានឲ្យដឹងថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសសហការជាមួយវិនិយោគិន និងសហគ្រាសឧស្សាហកម្មចិន ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងទំនើបក្នុងវិស័យឧស្សាហកម្ម។

លើសពីនេះទៀត ការធ្វើទស្សនកិច្ចក៏មានបំណងទាក់ទាញវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តប៉ៃលិន ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាលទ្ធផលនៃទស្សនកិច្ចដ៏មានផ្លែផ្កានេះ មានស្ថាប័ន និងសហគ្រាសឧស្សាហកម្មមួយនៅខេត្តហ៊ឺណាន បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើឱកាសវិនិយោគនៅកម្ពុជា និងគ្រោងបើករោងចក្រនៅខេត្តប៉ៃលិនក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះជាសញ្ញាដ៏ល្អមួយនៃភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់លោកជំទាវអភិបាលខេត្ត ក្នុងការទាក់ទាញវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

នៅចុងបញ្ចប់ គណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិន និងសហគ្រាសទទួលស្វាគមន៍ សម្រាប់ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ការផ្តល់សហការយ៉ាងរួសរាយរាក់ទាក់ និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃផងដែរ។
