សម្ពាធយោធាអាមេរិកនៅការ៉ាប៊ីន៖ លោក ត្រាំ ព្រមានលោក ម៉ាឌូរ៉ូ ឱ្យត្រៀមរាប់ថ្ងៃថយក្រោយ!

សម្ពាធយោធាអាមេរិកនៅការ៉ាប៊ីន៖ លោក ត្រាំ ព្រមានលោក ម៉ាឌូរ៉ូ ឱ្យត្រៀមរាប់ថ្ងៃថយក្រោយ!

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបន្លឺសំឡេងព្រមានធ្ងន់ៗទៅកាន់មេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយជំរុញឱ្យលោកត្រៀមរាប់ថ្ងៃថយក្រោយ ខណៈដែលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធាដ៏ធំបំផុតមិនធ្លាប់មាននៅតំបន់ការ៉ាប៊ីន ក្នុងរយៈពេលជាង ៣៥ ឆ្នាំចុងក្រោយនេះ។

កាសែត New York Post ចុះផ្សាយកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានរាយការណ៍ថា លោក ត្រាំ បានចោទប្រកាន់របបលោក ម៉ាឌូរ៉ូ ថាបាននាំចូលគ្រឿងញៀន ឧក្រិដ្ឋជន និងអ្នកជំងឺវិកលចរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទឹកដីអាមេរិក។ លោកបានបញ្ជាក់ដោយផ្ទាល់ថា៖ «ពួកគេបានបោះចោលមនុស្សរាប់សែននាក់ចូលទៅក្នុងប្រទេសរបស់យើង ដែលយើងមិនចង់បាន — ទាំងមនុស្សចេញពីពន្ធនាគារ និងមណ្ឌលផ្លូវចិត្ត»។

វត្តមានយោធាអាមេរិកនៅតំបន់ការ៉ាប៊ីននេះ រួមមាននាវាផ្ទុកយន្តហោះ USS Gerald R. Ford, នាវាមុជទឹកនុយក្លេអ៊ែរ និងនាវាពិឃាតមីស៊ីល។ ក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) បានបញ្ជាក់ថា នាវាចម្បាំងចំនួន ១៤ គ្រឿង និងកងទ័ពជាង ១០ ០០០ នាក់ នឹងឈរជើងនៅក្នុងតំបន់នេះក្នុងពេលឆាប់ៗ រួមជាមួយការគាំទ្រពីយន្តហោះចម្បាំង F-35 និងយន្តហោះចាក់ប្រេងដែលមានមូលដ្ឋាននៅព័រតូរីកូ។

ថ្វីត្បិតតែលោក ត្រាំ មិនបានបញ្ជាក់ច្បាស់លាស់ពីផែនការវាយប្រហារតាមអាកាសលើវ៉េណេស៊ុយអេឡាក៏ពិតមែន ក៏លោកបានគូសបញ្ជាក់ថា សម្ពាធយោធាអាចនាំឱ្យមានការផ្លាស់ប្តូររបបដឹកនាំដោយមិនចាំបាច់មានសង្គ្រាមនោះទេ។

ទោះបីជាប្រឈមនឹងទណ្ឌកម្មអន្តរជាតិ និងការចោទប្រកាន់ពីការក្លែងបន្លំការបោះឆ្នោតក៏ដោយ លោក ម៉ាឌូរ៉ូ ដែលបានកាន់អំណាចតាំងពីឆ្នាំ ២០១៣ នៅតែរក្សាភាពរឹងរូស។ លោកស្រី María Corina Machado មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលទើបទទួលបានពានរង្វាន់ណូបែលសន្តិភាពថ្មីៗនេះ បានថ្លែងថា ជននិរទេសវ៉េណេស៊ុយអេឡារាប់លាននាក់នឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ ប្រសិនបើលោក ម៉ាឌូរ៉ូ ត្រូវបានទម្លាក់ពីអំណាច។

administrator

Related Articles