ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មានបានប្រកាសថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា កំពុងផ្តល់ការលើកទឹកចិត្តយ៉ាងសម្បូរបែប ដើម្បីទាក់ទាញក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម មកបណ្ដាក់ទុននៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់ទៅកាន់ក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសម្លៀកបំពាក់ (រូត) ដ៏ល្បីល្បាញលើពិភពលោក ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Hugues Charbonneau ប្រធានក្រុមហ៊ុន។ ឯកឧត្តមបានគូសបញ្ជាក់ពីសក្តានុពលដ៏ធំធេងនៃឧស្សាហកម្មវាយនភណ្ឌកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងវិស័យកាត់ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរ។ ការរីកចម្រើននេះ បានបង្កើតតម្រូវការខ្ពស់ចំពោះគ្រឿងបង្គុំដែលមានគុណភាពខ្ពស់ដូចជា រូត និងឡេវ ជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងយ៉ាងច្បាស់អំពីច្បាប់វិនិយោគរបស់កម្ពុជា ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាច្រើន សម្រាប់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម (Backward Linkage) មកបណ្ដាក់ទុននៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការវិនិយោគរបស់ក្រុមហ៊ុន YKK មិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសម្លៀកបំពាក់ជាសកលទៀតផង។

ជាការឆ្លើយតប លោក Hugues Charbonneau បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតដែលបានផ្តល់ជូន និងបានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា YKK Canada តែងតែស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល។ លោកក៏បានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមានការពិនិត្យ និងសិក្សាស៊ីជម្រៅអំពីលទ្ធភាពនៃការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់រូត និងផលិតផលផ្សេងទៀតរបស់ខ្លួន នៅកម្ពុជានាពេលអនាគត។

ទស្សនកិច្ចលើកនេះ មានគោលបំណងសំខាន់ដើម្បីសិក្សាស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada។ នេះគឺដើម្បីទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរ ដែលជាវិស័យដ៏ធំមួយនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ប្រភព៖ ក្រសួងព័ត៌មាន
