ខេត្តកណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំដាក់តាំងបង្ហាញទូកងដ៏ស្រស់ស្អាតមួយឈ្មោះថា «សារាយតេជោសែនជ័យ» ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ការរៀបចំនេះមិនត្រឹមតែបង្ហាញពីវប្បធម៌ខ្មែរដ៏ចំណាស់ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង អំឡុងពេលពួកគេធ្វើដំណើរចេញចូលប្រទេសកម្ពុជា។

ទូកង «សារាយតេជោសែនជ័យ» នេះ ត្រូវបានដាក់តាំងបង្ហាញឡើងដើម្បីផ្ដល់ឱកាសដល់ភ្ញៀវទេសចរបានទស្សនា ថតរូបភាពអនុស្សាវរីយ៍ និងស្វែងយល់បន្ថែមអំពីភាពវិសេសវិសាលនៃទូកងខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីវប្បធម៌ជាតិ។ ជាមួយគ្នានេះ ក៏ជាការផ្សព្វផ្សាយនូវកេរដំណែលវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។

ប្រជាពលរដ្ឋជាច្រើនដែលកំពុងរង់ចាំការហោះហើរក្នុងឱកាសបុណ្យអុំទូក បានសម្តែងនូវអារម្មណ៍រីករាយ និងមោទកភាពយ៉ាងខ្លាំងចំពោះការដាក់តាំងបង្ហាញនេះ។ ពួកគេបានលើកឡើងថា កម្ពុជាពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងពេញលេញ។

គួររំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីជាង ២.៦០០ ហិកតា ជាអាកាសយានដ្ឋានប្រភេទ 4F ដែលមានសមត្ថភាពអាចទទួលយន្តហោះធុនធំដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ គម្រោងនេះអាចផ្ទុកអ្នកដំណើរបាន ១៣លាននាក់ក្នុងមួយឆ្នាំនៅដំណាក់កាលទី១ (២០២៥-២០៣០) និងកើនដល់ ៣០លាននាក់នៅដំណាក់កាលទី២ (២០៣០-២០៥០)។
