នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដ៏វិសេសវិសាល នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្ដម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារយ៉ាងស៊ីជម្រៅ។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាយ៉ាងផុសផុលអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យគន្លឹះជាច្រើន ជាពិសេសគឺវិស័យវិនិយោគ និងពាណិជ្ជកម្ម។ នេះធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដ៏សំខាន់មួយ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមឧបការី DeSombre ក៏បានជម្រាបសម្តេចបវរធិបតីអំពីការតាមដានការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខាដោយសម្ដេចបវរធិបតី និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានវត្តមានជាសាក្សីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងឯកឧត្ដមនាយករដ្ឋមន្ត្រី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។ ជុំវិញបញ្ហានេះ សម្ដេចបវរធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះដោយពិតប្រាកដ និងស្មោះត្រង់បំផុត ក្នុងគោលបំណងធានានូវសុខសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា-ថៃ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត។

ឆ្លៀតក្នុងឱកាសដ៏មមាញឹកនោះដែរ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់យ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានខិតខំស្វះស្វែងបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនកម្ពុជាចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump កម្ពុជាក៏បានប្រកាសគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតីសម្រាប់ពានរង្វាន់ណូបែលសន្តិភាពផងដែរ៕
