(អង់ការ៉ា, តួកគីយ៉េ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ កាលពីព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីជួបពិភាក្សាការងារជាមួយលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា និងសហការី។ 
ក្នុងឱកាសនោះ លោក Gürsel BARAN បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រីរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា។ លោកបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលជាលើកដំបូងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា និងជាឱកាសដ៏វិសេសវិសាលមួយក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាបានផ្តោតលើវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកយន្តការជំរុញទំហំពាណិជ្ជកម្មនេះឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារអាមេរិក នាពេលអនាគត។ 
លោកស្រីរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យអាទិភាពចំនួន ៤ ដែលមានសក្ដានុពលខ្ពស់សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-តួកគីយ៉េ រួមមាន៖ វិស័យបរិក្ខារសុខាភិបាល ទេសចរណ៍សុខភាព វាយនភណ្ឌ និងសម្លៀកបំពាក់ រួមទាំងវិស័យសំណង់។ លោកស្រីក៏បានអញ្ជើញពាណិជ្ជករ និងវិនិយោគិនតួកគីយ៉េ ឱ្យមកស្វែងយល់ពីឱកាសធុរកិច្ច និងស្វែងរកដៃគូសហការនៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធានសភាពាណិជ្ជកម្មបានសន្យានឹងរៀបចំដំណើរទស្សនកិច្ចសម្រាប់ពាណិជ្ជករ និងវិនិយោគិនតួកគីយ៉េ ទៅកាន់កម្ពុជានៅដើមឆ្នាំ២០២៦ ដើម្បីរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយក្រុមហ៊ុន និងសហគ្រាសកម្ពុជា។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មអង់ការ៉ា ដែលបង្កើតឡើងតាំងពីឆ្នាំ១៩២៣ មានសមាជិកជាក្រុមហ៊ុន និងសហគ្រាសជាង ១៧០,០០០ ធ្វើឱ្យស្ថាប័ននេះក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ។ 
