ខេត្តកំពត៖ ដើម្បីធានាបាននូវបរិយាកាសរីករាយ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកទាំង ៩ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យពង្រឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងហាមដាច់ខាតមិនឱ្យមានការដំឡើងថ្លៃសេវាកម្មគ្រប់ប្រភេទ។
ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោកអភិបាលខេត្តបានគូសបញ្ជាក់ថា នេះជាការអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឱ្យខេត្តកំពត ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ បន្តរៀបចំកែច្នៃ និងអភិវឌ្ឍវិស័យនេះឱ្យកាន់តែទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន បានលើកឡើងទៀតថា ក្រោយពីរដ្ឋបាលខេត្តបានខិតខំកែលម្អ និងបង្កើតថ្មីនូវគោលដៅទេសចរណ៍សំខាន់ៗដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង ភ្ញៀវទេសចរបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង រាល់ពេលបុណ្យទាន និងថ្ងៃឈប់សម្រាកខ្លះ ខេត្តអាចទទួលភ្ញៀវចន្លោះពី ៤ ទៅ ៥ ម៉ឺននាក់។ កំណើននេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់បានល្អប្រសើរ។

ដូច្នេះ សម្រាប់បុណ្យអុំទូកឆ្នាំនេះ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់ប្រភេទត្រូវបន្តភារកិច្ចនេះឱ្យបានល្អប្រសើរបំផុត ដើម្បីធានាសុវត្ថិភាព និងភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ទោះបីកន្លងមកពុំមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើងក៏ដោយ។

ទន្ទឹមនឹងការងារសន្តិសុខ លោកអភិបាលខេត្តក៏បានក្រើនរំលឹកដល់បណ្ដាអាជីវករ សេវាករ និងអ្នកផ្ដល់សេវាកម្មគ្រប់ផ្នែកទាំងអស់ តាមរយៈមន្ទីរទេសចរណ៍ ឱ្យរក្សាតម្លៃធម្មតា មិនត្រូវដំឡើងថ្លៃខុសពីថ្ងៃធម្មតានោះឡើយ។ ផ្ទុយទៅវិញ ត្រូវរួមគ្នាទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរដោយភាពរួសរាយរាក់ទាក់ និងសេវាកម្មល្អ ដើម្បីលើកមុខមាត់ខេត្ត និងទាក់ទាញភ្ញៀវបន្ថែមទៀត។

គួរជម្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ខេត្តកំពតមិនមានការរៀបចំពិធីប្រណាំងទូក.ង ឬកម្មវិធីកម្សាន្តសប្បាយធំដុំនោះទេ ប៉ុន្តែមន្ត្រីជំនាញរំពឹងយ៉ាងមុតមាំថា ខេត្តនឹងនៅតែទទួលភ្ញៀវទេសចរមកសម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករ ដ្បិតមកទល់ពេលនេះ សណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់ភាគច្រើនត្រូវបានកក់ពេញអស់ហើយ។
បច្ចុប្បន្ន ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២ កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២ កន្លែង ស្មើនឹង ៥,១០៣ បន្ទប់ ដែលជាសក្តានុពលដ៏ធំធេងក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
