FIFA ច្រានចោល! ម៉ាឡេស៊ីប្តឹងបន្តករណីកីឡាករបរទេសក្លែងបន្លំឯកសារ ទៅតុលាការកីឡា CAS

FIFA ច្រានចោល! ម៉ាឡេស៊ីប្តឹងបន្តករណីកីឡាករបរទេសក្លែងបន្លំឯកសារ ទៅតុលាការកីឡា CAS

សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) នឹងបន្តប្តឹងឧទ្ធរណ៍ទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ជុំវិញករណីកីឡាករបរទេសចំនួន ៧ រូប ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារ ដើម្បីលេងឱ្យក្រុមជម្រើសជាតិ។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ FAM។

កាលពីខែកញ្ញា FIFA បានរកឃើញថា FAM និងកីឡាករពិតជាបានក្លែងបន្លំឯកសារកំណើតរបស់ជីតាកីឡាករ ដើម្បីឱ្យពួកគេមានសិទ្ធិចូលរួមក្នុងក្រុមជម្រើសជាតិ។ កីឡាករទាំង ៧ រូបនេះ ធ្លាប់បានលេងក្នុងជំនួបជម្រុះពានរង្វាន់ AFC Asian Cup ដែលម៉ាឡេស៊ីបានយកឈ្នះវៀតណាម ៤-០ កាលពីថ្ងៃទី ១០ ខែមិថុនា។
កីឡាករបាល់ទាត់ម៉ាឡេស៊ី
នៅក្នុងសេចក្តីថ្លែងការណ៍មួយ FIFA បានបញ្ជាក់ពីទណ្ឌកម្មរបស់ខ្លួនទៅលើ FAM និងកីឡាករទាំង ៧ រូប ដោយពិន័យ FAM ជាទឹកប្រាក់ចំនួន ៣៥០,០០០ ហ្វ្រង់ស្វ៊ីស (ប្រមាណ ៤៣៨,៩៦០ ដុល្លារអាមេរិក)។ ចំណែកកីឡាករម្នាក់ៗ ត្រូវពិន័យ ២,០០០ ហ្វ្រង់ស្វ៊ីស និងត្រូវព្យួរមិនឱ្យចូលរួមរាល់សកម្មភាពបាល់ទាត់ទូទាំងពិភពលោក រយៈពេលមួយឆ្នាំពេញ។

កីឡាករទាំង ៧ រូបនោះ រួមមាន Facundo Tomas Garces, Rodrigo Julian Holgado និង Imanol Javier Machuca ដែលមានដើមកំណើតអាហ្សង់ទីន; Gabriel Felipe Arrocha និង Jon Irazabal Iraurgui កើតនៅអេស្ប៉ាញ; Hector Alejandro Hevel Serrano មានដើមកំណើតហូឡង់ និង Joao Vitor Brandao Figueiredo កើតនៅប្រទេសប្រេស៊ីល។

តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) គឺជាស្ថាប័នឯករាជ្យដែលជួយសម្រួលដល់ការដោះស្រាយវិវាទទាក់ទងនឹងកីឡា តាមរយៈអាជ្ញាកណ្តាល ឬការសម្របសម្រួល។ CAS មានទីតាំងនៅទីក្រុង Lausanne ប្រទេសស្វីស។ ប្រធានស្តីទី FAM លោក Mohd Yusoff Mahadi បានថ្លែងកាលពីថ្ងៃចន្ទថា ពួកគេនឹងទាក់ទង FIFA ដើម្បីទទួលបានព័ត៌មានលម្អិតពេញលេញនៃការសម្រេចចិត្តលើបណ្តឹងឧទ្ធរណ៍ មុនពេលចាត់វិធានការបន្ទាប់ដើម្បីដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់ CAS។

administrator

Related Articles