កោះញែក​អឺងកង! ពិធីបុណ្យ​ប្រណាំងទូក​ប្រពៃណី​ខ្នាត​តូច បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ និង​ថែរក្សា​វប្បធម៌​ជាតិ

កោះញែក​អឺងកង! ពិធីបុណ្យ​ប្រណាំងទូក​ប្រពៃណី​ខ្នាត​តូច បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ និង​ថែរក្សា​វប្បធម៌​ជាតិ

ខេត្តមណ្ឌលគិរី ៖ ព្រឹត្តិការណ៍​ប្រណាំងទូក​ខ្នាត​តូច លក្ខណៈ​ប្រពៃណី​ដ៏​អធិកអធម នៅ​ចំណុច​ទំនប់​អូរ​ប្រង់ ស្ថិត​នៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១-០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​រដ្ឋបាល​ស្រុក​កោះ​ញែក បាន​រៀបចំ​ឡើង​ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ជា​អនេក និង​ទទួល​បានការ​សាទរ​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

លោក សី ទូច អភិបាលស្រុក​កោះ​ញែក បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ២​ថ្ងៃនេះ រដ្ឋបាល​ស្រុក បាន​រៀបចំ​ការ​ប្រណាំងទូក​ខ្នាត​តូច ជា​លក្ខណៈ​ប្រពៃណី​នេះ​ឡើង ដើម្បី​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​អុំទូក​នេះ​។ ម្យ៉ាងវិញទៀត គឺ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​កាន់តែ​សប្បាយ​រីករាយ និង​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ទាំងអស់​។

លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កីឡាករ​ចំណុះ​ទូក​ទាំងអស់ ត្រូវ​ចាត់​ទុក​ថា ពិធីបុណ្យ​ប្រណាំងទូក​នេះ ជា​ការ​ចូលរួម​ចំណែក​ថែរក្សា​វប្បធម៌ ប្រពៃណី​ជាតិ​ដ៏​ល្អ​ផូរផង់​របស់​យើង​ឲ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​សំណូមពរ​ដល់​កីឡាករ​ចំណុះ​ទូក​ទាំងអស់ សូម​យកចិត្តទុកដាក់​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​គណៈកម្មការ​បច្ចេកទេស ក្នុង​ន័យ​ប្រកួត​ដោយ​ស្មារតី​កីឡា ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ពិធី​ប្រណាំងទូក​របស់​យើង​ទទួល​បាន​ជោគជ័យ ភាព​ថ្លៃថ្នូរ និង​ថែរក្សា​បាន​នូវ​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​យើង​ឲ្យ​កាន់តែ​រុងរឿង​។

លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា រួមចំណែក​ជាមួយ​រដ្ឋបាល​ស្រុក​កោះ​ញែក ក្នុង​ការ​រៀបចំ​ពិធី​នេះ​ឡើង​ប្រកប​ទៅ​ដោយ​ភាព​រលូន និង​សប្បាយ​រីករាយ​។ លោក​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ ត្រូវ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ទាំងអស់​គ្នា ជា​ពិសេស ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ចៀស​ឲ្យ​ផុត​ពី​បញ្ហា​គ្រឿងញៀន​។

នា​ឱកាស​នោះ យុវជន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដែល​បាន​ចូលរួម​ទស្សនា​ក្នុង​ពិធី​ប្រណាំងទូក​ខ្នាត​តូច លក្ខណៈ​ប្រពៃណី​នេះ ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង ដែល​អាជ្ញាធរ​ស្រុក បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ឃុំ ក្នុងស្រុក និង​បណ្តា​ខេត្ត​នានា បាន​ជួបជុំ​គ្នា និង​បង្ក​លក្ខណៈ​ឲ្យ​កាន់តែ​សប្បាយ​រីករាយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា រដ្ឋបាល​ស្រុក​កោះ​ញែក រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក រយៈពេល​ពីរ​ថ្ងៃនេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន ១០​ទូក ស្មើនឹង ៥​គូ ក្នុង​នោះ ទូក​ចំណុះ ២០​នាក់ មាន​ចំនួន ៦​ទូក ស្មើនឹង ៣​គូ និង​ទូក​ចំណុះ ៨​នាក់ មាន​ចំនួន ២​គូ។ លទ្ធផល​ចំណាត់ថ្នាក់​ជ័យ​លា​ភី៖ ទូក​«​មហា​រិ​ទ្ធ​ជ័យ​សិ​ទ្ធី​មុនី​តេជះ​ជំទាវ​ខ្មៅ​» ចំណុះ ២០​នាក់ មក​ពី​ឃុំ​ស្រែ​ហ៊ុយ ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១ និង​ទូក​«​រ៉ែ​ថាមពល​សែន​ជ័យ​លោកតា​ស្រុះ​» ចំណុះ ០៨​នាក់ ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១ ផង​ដែរ​។

administrator

Related Articles