សហរដ្ឋអាមេរិកបានបាត់បង់ឥស្សរជននយោបាយដ៏ល្បីល្បាញមួយរូបគឺ លោក Dick Cheney អតីតអនុប្រធានាធិបតី ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយសារជំងឺរលាកសួត និងជំងឺបេះដូង។ ការបាត់បង់ដ៏ក្រៀមក្រំនេះ ត្រូវបានក្រុមគ្រួសាររបស់លោកប្រកាសជាសាធារណៈកាលពីថ្ងៃអង្គារ។

ក្នុងអំឡុងពេលបំពេញតួនាទីជាអនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោក George W. Bush ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩ លោក Cheney ត្រូវបានគេស្គាល់ថាជាមេស្ថាបត្យករម្នាក់នៅពីក្រោយការលុកលុយប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣។ ទោះបីជាគ្មានភស្តុតាងរឹងមាំក៏ដោយ លោកបានអះអាងយ៉ាងមុតមាំថា អ៊ីរ៉ាក់មានអាវុធប្រល័យលោក។ ជាងនេះទៅទៀត បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ ខែកញ្ញា លោកបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឲ្យមានការពង្រីកអំណាចរបស់ប្រធានាធិបតី។
ជាមួយគ្នានេះ លោកក៏បានទទួលរងការរិះគន់ផងដែរ ចំពោះការការពារវិធីសាស្រ្តសួរចម្លើយដ៏តឹងរ៉ឹង ជាពិសេសការសួរចម្លើយដោយជ្រមុជទឹក (waterboarding) ដែលក្រោយមកត្រូវបានមនុស្សជាច្រើនចាត់ទុកថាជា “ការធ្វើទារុណកម្ម”។
មុនពេលឈានជើងចូលកាន់តំណែងជាអនុប្រធានាធិបតី លោក Cheney ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីការពារជាតិ ក្រោមការដឹកនាំរបស់លោក George H.W. Bush ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំប្រតិបត្តិការយោធាអាមេរិកក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១។ ក្រៅពីអាជីពនយោបាយ លោកក៏ធ្លាប់បានដឹកនាំក្រុមហ៊ុនប្រេង Halliburton ដែលក្រោយមកបានទទួលកិច្ចសន្យាធំៗពីរដ្ឋាភិបាលក្នុងអំឡុងសង្គ្រាមអ៊ីរ៉ាក់។
ក្នុងការសម្តែងការសោកស្តាយ លោក George W. Bush អតីតប្រធានាធិបតីអាមេរិក បានហៅមរណភាពរបស់លោក Cheney ថាជា «ការបាត់បង់ជាតិ» ដោយពណ៌នាថាជា «អ្នកស្នេហាជាតិ» ដែលបាននាំមកនូវ «ភាពស្មោះត្រង់ ភាពឆ្លាតវៃខ្ពស់ និងភាពហ្មត់ចត់» ក្នុងការបំពេញភារកិច្ចរបស់លោក។ ជាសញ្ញានៃការគោរព សេតវិមានបានបន្ទាបទង់ជាតិត្រឹមពាក់កណ្តាល ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធលោក Dick Cheney។
